ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែមេសា និងទិសដៅអនុវត្តការងារបន្ត របស់នាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស និងនាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស.

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែមេសា និងទិសដៅអនុវត្តការងារបន្ត របស់នាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស ព្រមទាំងនាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស. ដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន និងលើកឡើងអំពីបញ្ហាប្រឈម សំណូមពរ និងផែនការការងារអនុវត្តបន្ត។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ និងការលើកឡើងអំពីបញ្ហាប្រឈមនានា ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. ក៏បានធ្វើការរៀបចំរចនាសម្ព័ន្ធការងារមួយចំនួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន និងការបម្រើសេវាជូនសមាជិក ប.ស.ស. ឱ្យកាន់តែប្រសើរឡើង ដែលនេះជាផ្នែកមួយនៃការពង្រឹងក្នុងការធ្វើទំនើបកម្មរបស់ ប.ស.ស.។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានផ្ដល់នូវអនុសាសន៍ណែនាំដល់នាយកដ្ឋាន ចំពោះការប្រមូល និងការបង់ភាគទាន ដែលសហគ្រាស គ្រឹះស្ថានបានបង់ជាប្រចាំខែនៅទូទាំងប្រទេស ដោយត្រូវពិនិត្យឱ្យបានច្បាស់លាស់ និងមានយន្ដការរំលឹកជាប្រចាំ លើសហគ្រាស គ្រឹះស្ថានណាដែលភ្លេច ឬយឺតយ៉ាវក្នុងការបង់ភាគទាន មុននឹងឈានដល់ការអនុវត្តនីតិវិធីបន្ទាប់ ដើម្បីធានានូវភាពត្រឹមត្រូវ ច្បាស់លាស់ និងបត់បែន ក្នុងការគ្រប់គ្រងភាគទាន និងរក្សានូវអត្ថប្រយោជន៍ផ្សេងៗ របស់សមាជិក ប.ស.ស. ឱ្យបានពេញលេញ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន សរុបប្រមាណជាង៣០នាក់៕

