សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានរៀបចំនិងបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជូនបងប្អូនប្រជាជនខ្មែរចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយ៉ាងសប្បាយរីករាយ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមការងារដែលពាក់ព័ន្ធ ជាពិសេសក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដែលបានរៀបចំសហការ និងបើកដំណើរការជូនដល់បងប្អូនប្រជាជនខ្មែរយើងចូលរួមលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយនាឱកាសនៃការបើកដំណើរការសាកល្បងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១៩ ខែមេសានេះ សម្ដេចធិបតីបានបង្ហាញពី កម្រងរូបភាពបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ បានអញ្ជេីញទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ដែលត្រូវបានដាក់ឱ្យចូលលេងកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១១ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ អមជាមួយនឹងការរៀបចំការសម្តែងរបាំប្រពៃណីបុរាណ ការប្រគំតន្ត្រីផ្សេងៗ ជាពិសេសផ្តល់ឱកាសដល់បងប្អូនមហាគ្រួសារខ្មែរ និងភ្ញៀវទេសចរអាចធ្វើការហាត់ប្រាណ លេងកីឡាជុំវិញតំបន់ អគារប៉មបញ្ជាការហោះហើរ និងផ្តិតយករូបភាពអនុស្សាវរីយ៍ជាច្រើនដែលមាននៅទីនោះប្រកបដោយស្នាមញញឹម។
សម្ដេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំទីតាំងនេះ កែប្រែពីកន្លែងដែលធ្លាប់ភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោក និងបម្រើដល់គ្រប់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីបំពេញសេចក្តីត្រូវការ និងបេសកកម្មរបស់ខ្លួនបានយ៉ាងសកម្ម និងជាច្រើនឆ្នាំកន្លងទៅ ក្លាយទៅជាទីតាំងសួនសាធារណ:សម្រាប់មហាជនចូលកម្សាន្តដោយសេរី ជាពិសេសសម្រាប់ជាទីលំហែសាធារណ:ដែលបម្រើដល់ការធ្វើលំហាត់ប្រាណ លើកកម្ពស់សុខភាពប្រជាជនទាំងផ្លូវកាយ និងចិត្ត។ ជាមួយគ្នានេះ ទីតាំងនេះ ក៏នឹងក្លាយជាទីតាំងបម្រើដល់កិច្ចប្រជុំ ការប្រគំតន្ត្រី សម្រាប់ដល់វិស័យឯកជនក្នុងការផ្តល់ការកម្សាន្ត ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៅថ្ងៃមុខផងដែរ។
សម្ដេចបន្តថា សូមអរគុណដល់ក្រុមការងារដែលពាក់ព័ន្ធ ជាពិសេសក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដែលបានរៀបចំសហការ និងបើកដំណើរការជូនដល់បងប្អូនប្រជាជនខ្មែរយើងចូលរួមលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយនាឱកាសនៃការបើកដំណើរការសាកល្បងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយ:ពេល០៧ថ្ងៃកន្លងទៅ ដែលមានចំនួនអ្នកចូលរួមប្រមាណ ១៧០,០០០ នាក់។
សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមថា ព្រមជាមួយគ្នានេះដែរ ក៏សូមថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អាជ្ញាធររាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងគណ:បញ្ឋាការរដ្ឋបាលឯកភាពរាជធានីភ្នំពេញ ដែលផ្តល់ការសហការ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានដោយរលូន និងបង្កលក្ខណ:យ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋ៕

