ឯកឧត្ដម ហ៊ុន ម៉ាណែត៖ យុវជនជំនាន់ក្រោយមានភ័ព្វសំណាង ដែលបានរស់នៅក្នុងសង្គមមួយដែលប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន

ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា យុវជនជំនាន់ក្រោយមានភ័ព្វសំណាង ដែលបានរស់នៅក្នុងសង្គមមួយដែលប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន។
ឯកឧត្ដមមានប្រសាសន៍បែបនេះ ក្នុងពេលក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ, ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២។

ឯកឧត្ដម ហ៊ុន ម៉ាណែត បានសូមចូលរួមអនុមោទនាត្រេកអរ និងសម្តែងនូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដ៏មានវ័យចំណាស់ប្រមាណជាង ៨០ ឆ្នាំមួយនេះ ដែលជាមរតកសាសនាដ៏មានតម្លៃភ្ជាប់ទៅនឹងព្រលឹងបុព្វបុរសរបស់ជាតិក្នុងអតីតកាល និងសូមថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាដើម្បីបម្រើជាឧត្តមប្រយោជន៍រួមសម្រាប់វិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្ដមបន្តថា អំណោយផលនៃសុខសន្តិភាព និងលំនឹងស្ថិរភាពផ្នែកសង្គម-សេដ្ឋកិច្ច តាមរយៈជ័យជម្នះលើសមរភូមិក្នុងវិបត្តិជំងឺកូវីដ-១៩ កន្លងមកនេះ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋទាំងអស់គ្នាអាចរស់នៅក្នុងជីវភាពប្រក្រតីឡើងវិញលើគ្រប់ផ្នែកគ្រប់វិស័យ និងគ្រប់ទីកន្លែង ដែលជាក់ស្តែងនោះ គឺការជួបជុំ ចូលរួមសម្ពោធសមិទ្ធផលនានាជាច្រើន ប្រកបដោយក្តីរីករាយជុំញាតិជុំមិត្ត និងសទ្ធាជ្រះថ្លាក្នុងការបំពេញបុណ្យកុសល ដូចក្នុងថ្ងៃនេះផ្ទាល់។

ឯកឧត្ដម ហ៊ុន ម៉ាណែត បញ្ជាក់ថា យុវជនជំនាន់ក្រោយមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្នុងសង្គមមួយដែលប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន ដូច្នេះសូមខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់សិក្សារៀនសូត្រ កសាងលត់ដំខ្លួនឱ្យក្លាយជាធនធានមានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ ដើម្បី ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ-អាណាព្យាបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំជាតិជាច្រើន ដែលបានតស៊ូលះបង់ប្រកបដោយពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព និងសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន៕

