បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អញ្ជើញជាអធិបតីក្នុងកម្មវិធី «បញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់ FMIS»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «បញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់ FMIS» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន និង មន្ត្រីពាក់ព័ន្ធពីរាជធានី-ខេត្ត ចំនួន ៣៥០ នាក់។
កម្មវិធីនេះត្រូវបានរៀបចំឡើងស្របតាមផែនការអនុវត្តគម្រោង FMIS ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។ កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការបន្តជំរុញការយល់ដឹង និងការត្រៀមខ្លួនរបស់មន្ត្រីរាជការ សម្រាប់ការប្រើប្រាស់ FMIS ឱ្យបានពេញលេញ និង មានប្រសិទ្ធភាព។
ថ្លែងក្នុងកម្មវិធីនេះ, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា FMIS ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ដោយផ្តោតលើលទ្ធផល និង សមិទ្ធកម្ម ព្រមទាំងធានាបាននូវការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ឱ្យមានតម្លាភាព និង ប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយ ដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និង ឧត្តមានុវត្តន៍ ។
បណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសមិទ្ធផលជាច្រើន ដែលសម្រេចបានថ្មីៗ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោង FMIS ចាប់តាំងពីការអនុវត្តជំហានទី១ រហូតមកដល់បច្ចុប្បន្ន រួមមាន ការដាក់ឱ្យប្រើប្រាស់នៅការដ្ឋានសរុបចំនួន ៣៨៤ ការដ្ឋាន, មុខងារប្រព័ន្ធដែលកំពុងដំណើរការមានចំនួន ៨ មុខងារ, សន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅមានចំនួន ២២ ប្រព័ន្ធ, របាយការណ៍ផលិតចេញពីប្រព័ន្ធសរុបមានចំនួន ៧៤ របាយការណ៍ និង អ្នកកំពុងប្រើប្រាស់ប្រព័ន្ធសរុបមានចំនួន ៣,៨២៣ នាក់។ ដោយឡែក,សម្រាប់ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS-Portal ជំនាន់ទី១ មានចំនួន ១,៨៦០ ការដ្ឋាន និង អ្នកប្រើប្រាស់ប្រព័ន្ធនេះសរុបមានចំនួន ៣,៥៧១ នាក់។
ទន្ទឹមនឹងការពង្រីកការដ្ឋាន, ការពង្រីកវិសាលភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ក៏ត្រូវបានដាក់ឱ្យអនុវត្តរួចរាល់នៅក្រសួង-ស្ថាប័នចំនួន ២៨ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០១, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញចំនួន ១៨, រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ចំនួន ៩៥, មន្ទីរអប់រំ យុវជន និង កីឡារាជធានី-ខេត្តទាំង ២៥ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ចំនួន ៩ ។
បណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា តាមរយៈទិន្នន័យពីក្រសួង-ស្ថាប័នចំនួន ១៦ ដែលបានអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង, ការអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុង បានកាត់បន្ថយរយៈពេលនៃការទូទាត់ថវិកា ជូនអ្នកផ្គត់ផ្គង់ ឬ អ្នកទទួលផល មកនៅត្រឹមតែ ៩ថ្ងៃប៉ុណ្ណោះ ជាមធ្យមក្នុងឆ្នាំ ២០២៥ (ដោយរាប់ចាប់ពីការស្នើសុំទូទាត់ចំណាយ), បើប្រៀបធៀបនឹងការប្រើរយៈពេលជាច្រើនខែ មុនពេលអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានជំរុញឱ្យក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ បន្តពង្រឹងភាពជាម្ចាស់ និង ការទទួលខុសត្រូវ ក្នុងការរៀបចំធនធានមនុស្ស បង្កើនសមត្ថភាពមន្ត្រី ក៏ដូចជា ត្រៀមខ្លួនចូលរួមវគ្គបណ្តុះបណ្តាលនានា សំដៅធានាការប្រើប្រាស់ FMIS ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះក្រុមការងារបច្ចេកទេស ត្រូវបន្តអភិវឌ្ឍ និង ធ្វើនវានុវត្តប្រព័ន្ធជាបន្តបន្ទាប់ ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាព ជូនអ្នកប្រើប្រាស់។
ជាទីបញ្ចប់, បណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់ អ្នកដែលបានចូលរួមក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងដ៏មានសារៈសំខាន់នេះ និង បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតំណាងក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ឱ្យបន្តចូលរួមវគ្គបណ្តុះបណ្តាលនានាដែលរៀបចំដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ នូវទិដ្ឋភាពបច្ចេកទេស និង អត្ថប្រយោជន៍នៃការប្រើប្រាស់ FMIS, ជាពិសេស ត្រូវតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍រួម ដោយទុកដោយឡែកនូវប្រយោជន៍បុគ្គល ក្នុងពេលបំពេញការងារ សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕

