លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់

ហ្ស៊េរុយសាឡិម៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាប្រតិបត្តិការយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីអ្វីដែលលោកហៅថាការគំរាមកំហែងនៃការបំផ្លិចបំផ្លាញដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់។
លោក Netanyahu ធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងសុន្ទរកថាជាសាធារណៈមួយ កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្មានម៉ោងបន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Netanyahu ក៏បានបញ្ជាក់ដែរថាកងទ័ពអ៉ីស្រាអែលនឹងបន្តសិ្ថតក្នុងទឹកដីលីបង់ ហ្កាហ្សា និងស៊ីរី សម្រាប់រយៈពេលយូរ ដរាបណាវាជារឿងជាចាំបាច់។ «ជារឿងមួយដ៏សំខាន់បំផុត នោះគឺពួកយើងបានសង្រ្គោះអ៉ីស្រាអែលចេញពីការគំរាមកំហែងនៃការបំផ្លិចដោយនុយក្លេអ៊ែរ»។ នេះបើតាមលោក Benjamin Netanyahu។
គួរបញ្ជាក់ថា លោក Benjamin Netanyahu ថែមទាំងបានសន្យាទៀតផងថា អ៉ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាត មិនថានៅក្រោម លក្ខខណ្ឌនៃកិច្ចព្រមព្រៀងណាមួយនោះទេ៕
