UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល

ហ្សឺណែវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល ខណៈអំឡុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ គឺការវាយប្រហារទាំងនោះ បានសម្លាប់ជនស៉ីវិលច្រើនជាង១០០០នាក់។
ការវាយប្រហារដោយប្រើប្រាស់យន្តហោះដ្រូន គឺបានកាន់តែកើនឡើងក្នុងជម្លោះនៅប្រទេសភាគឦសានទ្វីបអាហ្រ្វិកមួយនេះ ចាប់តាំងពីវា បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា RSF។
លោក Turk បានលើកឡើងថា នៅស៊ូដង់ ជម្លោះដ៏អាក្រក់បានពង្រីកនិងតានតឹងកាន់តែខ្លាំង ដោយត្រូវបានបង្ហាញជាពិសេសតាមរយៈការកើនឡើងយ៉ាងគំហុក នៃការវាយប្រហារគ្នា ដោយប្រើដ្រូន។
បើតាមលោក Turk គិតចាប់ពីចន្លោះខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ការិយាល័យសិទ្ធិមនុស្ស UN បានកត់ត្រាករណីជនស៉ីវិលសរុប លើស១០០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូន ហើយលោកក៏បានត្អូញត្អែរផងដែរថា ករណីរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ បានកើតមានយ៉ាងព្រោងព្រាត។
គួរបញ្ជាក់ថា សង្រ្គាមស៉ីវិលនៅស៊ូដង់ ដែលអូសបន្លាយជាង៣ឆ្នាំមកនេះ បានសម្លាប់មនុស្សសរុបរាប់ម៉ឺននាក់ និងបង្ខំឱ្យមនុស្ស១១លាននាក់ត្រូវព្រាត់ប្រាស ពីផ្ទះសម្បែង៕

