ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានទទួលនូវរបាយការណ៍របស់អនុសាខាស្រុកមក ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា រួមជាមួយមន្ត្រីប្រចាំការ អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៦៤គ្រួសារ នៅភូមិក្រូច ភូមិសំរោង ភូមិក្រសាំងតាម៉ង់ និងភូមិ ព្រៃសាក់ ក្នុងឃុំក្រូច និង ៤គ្រួសារ នៅភូមិកុមាររាជ្យ ឃុំបឹងណាយ នៃស្រុកព្រៃឈរ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់សរុប៦៨ គ្រួសារ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៤,៤០នាទីល្ងាច ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បក់គួចយ៉ាងខ្លាំង ធ្វើអោយផ្ទះ ៦៤ខ្នង នៅភូមិក្រូច សំរោង ក្រសាំងតាម៉ង និង ព្រៃសាក់ក្នុង ឃុំក្រូច និង ផ្ទះ៤ខ្នងទៀត នៅភូមិកុមាររាជ្យ ក្នុងឃុំបឹងណាយត្រូវរបើកដំបូលក្បឿង និងសង្កសីជាបន្តបន្ទាប់ រងផលប៉ះពាល់កម្រិតធ្ងន់ ៤ខ្នង មធ្យម២៤ខ្នង និងកម្រិតស្រាល ៤០ ខ្នង។
ក្នុងនាមឯកឧត្តម អ៊ុន ចាន់ថា លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ័សាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ បង្កការរំខានដល់ការរស់នៅផង និងត្រូវចំណាយពេលវេលាខាតបង់ទាំងប្រាក់កាក់ដើម្បីជួសជុល និងស្ដារជម្រកស្នាក់នៅឡើងវិញផង។
លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកនិងអាណិត អាសូរបំផុតពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់តាមដានព័ត៌មាន និងសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនរើសអើងហើយសម្តេចលោកតែងបានចាត់តំណាងជាបណ្តាញការងារនៅគ្រប់ថ្នាក់ ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាល ទុក្ខលំបាកដល់សហគមន៍រងគ្រោះទាន់ពេលវេលាតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
លោកជំទាវ ប៉ាង ដានី បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់បង្កើនការប្រុងប្រយ័ត្នពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត។ ទន្ទឹមនេះត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋានឱ្យបានស្អាតល្អហើយកែឥរិយាបថទម្លាប់រស់នៅតាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” និងសូមចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕

