លោក ហ្សេលេនស្គី បង្ហាញក្ដីសង្ឃឹមថា អាមេរិកនឹងបន្តរក្សាកិច្ចប្រឹងប្រែងដើម្បីបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន

កៀវ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញក្ដីសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តរក្សាកិច្ចប្រឹងប្រែងដើម្បីបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន បើទោះជាសហរដ្ឋអាមេរិកកំពុងផ្តោតលើសង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ។
ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីបេសកជនពិសេសអ៊ុយក្រែន និងអាមេរិកជួបគ្នាក្នុងរដ្ឋ Florida។
លោក ហ្សេលេនស្គី បាននិយាយថាជាពិតណាស់ ក្នុងពេលឥលូវនេះ សហរដ្ឋអាមេរិកកំពុងផ្ដោតលើសង្រ្គាមជាមួយអ៉ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែទោះជាយ៉ាងណា ក៏ត្រូវបន្តជួយបិទបញ្ចប់សង្រ្គាមដែលរុស្ស៉ីបង្កឡើងប្រឆាំងនឹងអ៊ុយក្រែន ផងដែរ។
តាមមេដឹកនាំអ៊ុយក្រែន ទាំងសង្រ្គាមនៅអ៊ុយក្រែន និងអ៉ីរ៉ង់គួរតែត្រូវបានយកចិត្តទុកដាក់ពីពិភពលោកដូចគ្នា ហើយលោកពិតជាអរគុណដល់សហរដ្ឋអាមេរិកសម្រាប់ការគាំទ្រដល់ការវិលត្រឡប់ទៅរកប្រក្រតីភាព និងសន្តិភាពប្រកបដោយភាពថ្លៃថ្នូរ៕
