សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្ដល់នូវការអនុញ្ញាតឱ្យជនបរទេសមានភាគហ៊ុន ១០០ ភាគរយនៅស្ទើរតែគ្រប់វិស័យទាំងអស់ ដោយមិនចាំបាច់មានតម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់នូវការអនុញ្ញាតឱ្យជនបរទេសមានភាគហ៊ុន ១០០ ភាគរយនៅក្នុងស្ទើរតែគ្រប់វិស័យទាំងអស់ ដោយមិនចាំបាច់មានតម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ ហើយបានផ្តល់ជូននូវការលើកទឹកចិត្តពន្ធរហូតដល់ប្រាំបួនឆ្នាំ ដោយផ្តល់ឱ្យវិនិយោគិននូវភាពច្បាស់លាស់ ទំនុកចិត្ត និងភាពអាចព្យាករបានរយៈពេលវែង។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន កម្ពុជាឆ្នាំ២០២៦ ប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ពិធីបើកកិច្ចប្រជុំកំពូលនេះមានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្ត្រី ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អ្នកធ្វើ ធុរកិច្ចជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។
ក្នុងឱកាសនោះសម្ដេចធិបតីក៏បញ្ជាក់ថា កម្ពុជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ដែលមកវិនិយោគនៅកម្ពុជា ខណៈកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នៅបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាខាងមុខនេះ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន៕

