គណៈកម្មាធិការឥស្សរិយយសរដ្ឋសភា បញ្ចប់ការវាយតម្លៃនិងត្រៀមបំពាក់គ្រឿងឥស្សរិយយសជូនតំណាងរាស្ត្រនីតិកាលទី៧ ជាលើកដំបូង

ភ្នំពេញ៖ ដំណើរការពិនិត្យនិងវាយតម្លៃលើការផ្តល់គ្រឿងឥស្សរិយយសជូនសមាជិកសភា សម្រាប់នីតិកាលទី៧ បានឈានដល់ដំណាក់កាលសម្រេចហើយ។ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការឥស្សរិយយសរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបូកសរុបវឌ្ឍនភាពការងារ និងពិនិត្យសម្រេចលើការផ្តល់គ្រឿងឥស្សរិយយស ជូនតំណាងរាស្ត្រជាលើកទី១ក្នុងអាណត្តិថ្មីនេះ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី៤ហើយរបស់គណៈកម្មាធិការ ក្នុងនីតិកាលទី៧នេះ ដែលស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងភាពម៉ត់ចត់ ស្របតាមការចាត់តាំងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ឯកឧត្តមបានរំលឹកផងដែរថា យោងតាមច្បាប់លក្ខន្តិកៈតំណាងរាស្ត្រ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា តំណាងរាស្ត្រក្នុងតំណែងម្នាក់ៗ ត្រូវទទួលបានគ្រឿងឥស្សរិយយសចំនួន២ដង ក្នុងមួយអាណត្តិ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។
ចំពោះលទ្ធផលបច្ចេកទេស និងវឌ្ឍនភាពការងារ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា បានធ្វើរបាយការណ៍លំអិតបង្ហាញអំពីលទ្ធផលនៃការរៀបចំនីតិវិធីដែលមានភាពច្បាស់លាស់ផ្ដោតទៅលើ៖
ទី១. ការត្រៀមបញ្ជីឈ្មោះ គឺ គណៈកម្មាធិការបានរៀបចំបញ្ជីរាយនាមតំណាងរាស្ត្រទាំង១២៥រូប រួចរាល់ជាស្ថាពរ។
ទី២.ការដាក់ពាក្យស្នើសុំ៖ គណៈកម្មាធិការបានទទួលនិងពិនិត្យសំណុំឯកសាររបស់សមាជិកសភាចំនួន៩០រូប (ក្នុងនោះមានតំណាងរាស្ត្រស្នើសុំដោយផ្ទាល់ចំនួន៥១រូប)។
ទី៣. ឯកភាពលើនីតិវិធី, អង្គប្រជុំបានសម្រេចឯកភាព ១០០ភាគរយលើនីតិវិធីនិងលក្ខខណ្ឌបច្ចេកទេសនៃការផ្តល់គ្រឿងឥស្សរិយយស។
ជាលទ្ធផលចុងក្រោយ គណៈកម្មាធិការឥស្សរិយយសរដ្ឋសភា បានឯកភាពទាំងស្រុងលើខ្លឹមសារនៃកិច្ចប្រជុំនិងត្រៀមរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនសមាជិក សមាជិការដ្ឋសភា នីតិកាលទី៧ នាពេលឆាប់ៗខាងមុខនេះ ដើម្បីជាកិច្ចឆ្លើយតបទៅនឹងស្នាដៃ និងការលះបង់ក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ៕

