លោក ដូណាល់ ត្រាំ៖ បណ្តារដ្ឋជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាព នឹងប្រកាសអំឡុងកិច្ចប្រជុំដំបូងរបស់ខ្លួន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បណ្តារដ្ឋជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាព នឹងប្រកាសអំឡុងកិច្ចប្រជុំដំបូងរបស់ខ្លួន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នូវការប្តេជ្ញាថវិកាចំនួនជាង៥ពាន់លានដុល្លារ សម្រាប់កិច្ចប្រឹងប្រែងជួសជុលកសាងឡើងវិញ ក៏ដូចជាមនុស្សធម៌ នៅឯតំបន់ហ្កាហ្សា។
ក្នុងសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោក ត្រាំ បាននិយាយទៀតថា ក្រុមសមាជិកក៏បានប្តេជ្ញាចូលរួមចំណែកផងដែរ ក្នុងការដាក់ពង្រាយកងកម្លាំងរក្សាស្ថិរភាពនិងប៉ូលិស ដែលត្រូវបានអនុញ្ញាតដោយអង្គការសហប្រជាជាតិ (UN) ទៅកាន់ដែនដីប៉ាឡេស្ទីននោះ។
កិច្ចប្រជុំលើកដំបូងបំផុតរបស់ក្រុមប្រឹក្សាសន្តិភាព នឹងរៀបចំឡើងនៅវិទ្យាស្ថានសន្តិភាព Donald J Trump ក្នុងរដ្ឋធានីវ៉ាស៉ីនតោន នាថ្ងៃទី១៩ ខែកុម្ភៈ ហើយប្រតិភូមកពីជាង២០ប្រទេស ក្នុងនោះរួមមានទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ត្រូវបានរំពឹងថានឹងចូលរួម។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក បានបង្កើតក្រុមប្រឹក្សាសន្តិភាពរបស់លោកឡើង អំឡុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វ៉ីស កាលពីខែមករា។ ការបង្កើតក្រុមប្រឹក្សានេះ ត្រូវបានគាំទ្រដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីជាផ្នែកមួយនៃផែនការរបស់រដ្ឋបាលលោក ត្រាំ ក្នុងគោលដៅបិទបញ្ចប់សង្រ្គាមជាផ្លូវការ រវាងអ៉ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន នៅហ្កាហ្សា៕

