ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអណ្ដូងស្នាយ ឯកឧត្តម អ៊ុក ពញ្ញា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករលាប្អៀរ បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ «សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ អញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ រួមមាន ឯកឧត្តម ប៉ា សុខុម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករលាប្អៀរ ឯកឧត្តម គឹម វាសនា សមាជិកនៃក្រុមអចិន្ត្រៃយ៍យុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រុមការងារនៃយុវជនគណបក្សក្រសួង ឯកឧត្តម លោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត/ស្រុក លោក លោកស្រី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុករលាប្អៀរ
លោក លោកស្រី ប្រធានគណៈកម្មាធិការគណបក្សឃុំទាំង១៤ សរុបចំនួន ១៤៩រូប។
តាមរយៈ «សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស» គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនៅគ្រប់កាលៈទេសៈ។ សន្តិភាព និងរាល់សមិទ្ធផលដែលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន ពីពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី មន្ត្រី សមាជិក សមាជិកាគណបក្ស និងជនរួមជាតិយើងរាប់លាននាក់ដើម្បីជាតិ មាតុភូមិ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។
ជាចុងបញ្ចប់ ដើម្បីឱ្យការបំពេញការងារជូនគណបក្សកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បន្ថែមទៀត ឯកឧត្តមប្រធាន បានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
-ប្តេជ្ញាថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លារបស់គណបក្សឱ្យគង់វង្សជារៀងដរាប ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី
-ត្រូវអនុវត្តតាមសេចក្ដីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគណៈកម្មាធិការកណ្ដាលបានដាក់ចេញ ឱ្យសម្រេចជោគជ័យ និងត្រៀមគ្រប់មធ្យោបាយ សម្រាប់រក្សា និងបង្កើនប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ នាពេលខាងមុខនេះ
-បន្តពង្រឹងការអនុវត្ត ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម
-បន្តកសាងបក្ស ពិសេសរក្សាចាស់បង្កើនថ្មី
-ត្រូវថែរក្សាសាមគ្គីផ្ទៃក្នុងឱ្យបានស្អិតរមួតនៅជាមួយក្រុមការងារគ្រប់ថ្នាក់ (ថ្នាក់កណ្ដាល ស្រុក ឃុំ ភូមិ)
-ត្រូវចូលរួមឱ្យបានម៉ឹងម៉ាត់ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រារដ្ឋាភិបាល ដោយផ្តោតសំខាន់ទៅលើអាទិភាព ចំនួន ០៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល“
-បន្តចូលរួមពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
-ចូលរួមទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់
– បន្តគាំទ្រយ៉ាងពេញទំហឹងរាល់ចំណាត់ការ ឬយន្តការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-សូមទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ជឿទុកចិត្តបាន និងជៀសវាងការផ្សព្វផ្សាយបន្តនូវព័ត៌មាន មិនពិត ដែលអាចនាំឱ្យមានភាពចលាចល ឬភាពអសន្តិសុខណាមួយកើតឡើងជាយថាហេតុ៕

