អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់

សៀមរាប៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធក្នុងខេត្ត ត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្តសៀមរាបទាំងស្រុង ដើម្បីឈានទៅស្នើសុំវិញ្ញាបនបត្របញ្ជាក់ការលុបបំបាត់ជំងឺគ្រុនចាញ់ពីក្រសួងសុខាភិបាល។
លោក នាក់ ណេរ៉ុន លើកឡើងថា ក្រុមការងារពិសេសត្រូវយកចិត្តទុកដាក់ ក្នុងសកម្មភាពការងារមួយចំនួន និងត្រូវមានគោលការសកម្មភាពដូចជា៖ សកម្មភាពប្រជុំក្រុមការងារពិសេសថ្នាក់ស្រុក និងថ្នាក់ខេត្ត ឱ្យគ្រប់ផែនការ, ចុះអភិបាលទៅដល់មណ្ឌលសុខភាព និងប្រជុំជាមួយអ្នកស្ម័គ្រចិត្តភូមិ, ធានាតេស្ត ថ្នាំ មិនឱ្យដាច់ស្តុក, មើលពីការចុះបញ្ជីក្នុងសៀវភៅគ្រុនចាញ់ និងការអប់រំដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់, ត្រូវមានគោលការណែនាំការពារព្យាបាលប្រើប្រាស់ថ្នាំព្រីម៉ាគីន ពី១៤ថ្ងៃ មកព្យាបាលចំនួន៧ថ្ងៃ និង៨សប្ដាហ៍វិញ។
លោកសង្កត់ធ្ងន់ថា ការងារនេះតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាខេត្តសៀមរាប នឹងសម្រេចបាននូវគោលដៅគ្មានជំងឺគ្រុនចាញ់។ ក្រុមការងារត្រូវបន្តផែនការក្នុងដំណាក់កាលការទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ។ ជាពិសេស ត្រូវអនុវត្តសកម្មភាពដែលបានអនុម័តសម្រាប់ត្រីមាសទី៣ ដូចជា ពង្រឹងការរៀបចំឯកសារឱ្យស្របតាមគោលការណ៍ណែនាំ ការទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ ត្រៀមខ្លួនសម្រាប់ការផ្ទៀងផ្ទាត់ការលុបបំបាត់នៅថ្នាក់ក្រោមជាតិ បន្តអនុវត្តការប្រជុំប្រចាំត្រីមាសរបស់ VMWs និងចុះអភិបាលទៅមណ្ឌលសុខភាព។ បន្ថែមពីនេះត្រូវបន្តការធ្វើតេស្តស្រាវជ្រាវរកមេរោគគ្រុនចាញ់ និងធានាឱ្យមានតេស្ត និងថ្នាំគ្រប់គ្រាន់នៅតាមមូលដ្ឋានសុខាភិបាល បណ្ដុះការអប់រំសហគមន៍ ស្ដីពីការបង្ការជំងឺឆ្លងដោយសត្វមូស។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីពង្រឹងតួនាទី ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត និងស្រុក ធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ និងលទ្ធផលការងារដែលសម្រេចបាន ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងរកដំណោះស្រាយ និងដើម្បីផ្ដល់អនុសាសន៍ និងទិសដៅអនុវត្តបន្ត ក្នុងគោលបំណងសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់៕

