ស៉ីរីប្រកាសចាប់ខ្លួនក្រុមមួយ ដែលជាអ្នកនៅពីក្រោយការបាញ់រ៉ុក្កែត ទៅលើអាកាសយានដ្ឋានយោធា Mezzeh ទីក្រុងដាម៉ាស

ដាម៉ាស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រទេសស៉ីរី បានប្រកាសពីការចាប់ខ្លួនក្រុមមួយ ដែលជាអ្នកនៅពីក្រោយការបាញ់រ៉ុក្កែត ទៅលើអាកាសយានដ្ឋានយោធា Mezzeh ទីក្រុងដាម៉ាស អ្នកស៉ើបអង្កេតរកឃើញថា អាវុធទាំងនោះមានប្រភពមកពីក្រុម Hezbollah ដែលគាំទ្រដោយអ៉ីរ៉ង់។
ក្រសួងមហាផ្ទៃស៉ីរី បានឱ្យដឹងថា អង្គភាពសន្តិសុខបានចាប់ខ្លួនសមាជិកទាំងអស់នៃក្រុម ដែលបានវាយប្រហារច្រើនលើកលើអាកាសយានដ្ឋាន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានការឃ្លាំមើលទីតាំងបាញ់ចេញ ពីតំបន់ជាច្រើននៃរដ្ឋធានីដាម៉ាស។
ក្រសួងបានបន្ថែមថា អាវុធដែលគេប្រើក្នុងការវាយប្រហារគឺមានប្រភពពី Hezbollah របស់លីបង់។ អាជ្ញាធរស៉ីរី ក៏បានរឹបអូសយន្តហោះដ្រូនមួយចំនួនផងដែរ។
Hezbollah បានបដិសេធការចោទប្រកាន់នេះដោយនិយាយថា ក្រុមរបស់ខ្លួនមិនមានសកម្មភាព ឬទំនាក់ទំនងជាមួយក្រុមណាមួយ នៅក្នុងប្រទេសស៉ីរីទេ។ តាមកងកម្លាំងសន្តិសុខម្នាក់ Hezbollah បាន បន្សល់ទុកឃ្លាំងស្តុកសព្វាវុធរួមទាំងដ្រូននៅផ្នែកខ្លះនៃប្រទេសស៉ីរី បន្ទាប់ពីការដកកងកម្លាំងរបស់ខ្លួនចេញក្រោយរបបអតីតប្រធានាធិបតី Bashar al-Assad ដួលរលំ៕

