បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង

ប៉ារីស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រទេសបារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង។
លោក ហ្សង់-ណូអែល បារ៉ូត (Jean-Noël Barrot) រដ្ឋមន្ត្រីការបរទេសបារាំង បានបញ្ជាក់ថា បេសកកម្មដែលដឹកនាំដោយអឺរ៉ុបនេះ បានត្រៀមលក្ខណៈរួចរាល់ហើយ ដោយមានការចូលរួមពីប្រទេសជាច្រើន ព្រមទាំងមានបំពាក់នាវាស្វែងរកមីន នាវាចម្បាំង និងយន្តហោះឃ្លាំមើល។ លោកបានសង្កត់ធ្ងន់ថា នេះគឺជាបេសកកម្មការពារសុទ្ធសាធ និងឯករាជ្យពីភាគីជម្លោះ ដើម្បីធានាសេរីភាពនាវាចរណ៍។
ទោះជាយ៉ាងណា ផែនការនេះកំពុងជួបការប្រឆាំងយ៉ាងខ្លាំងពីភាគីអ៊ីរ៉ង់។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ជំហរដាច់ខាតថា ទីក្រុងតេហេរ៉ង់ មិនអនុញ្ញាតឱ្យមានកងទ័ពបរទេសណាមួយមកឈរជើងនៅច្រកសមុទ្រនេះឡើយ ទោះក្នុងគោលបំណងការពារ ឬបោសសម្អាតមីនក៏ដោយ ដោយចាត់ទុកថាវាគ្រាន់តែជាល្បិចរបស់លោកខាងលិចប៉ុណ្ណោះ។
គួរបញ្ជាក់ថា ផែនការការពារច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេង ២០ភាគរយនៃពិភពលោកនេះ នឹងត្រូវលើកយកទៅពិភាក្សាលម្អិតនៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ G7 នៅប្រទេសបារាំងក្នុងសប្តាហ៍នេះ៕
