អភិបាលខេត្តព្រៃវែង ណែនាំអភិបាលស្រុកកំពង់ត្របែកថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដើម្បីបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋានស្រុកកំពង់ត្របែក ឱ្យកាន់តែមានការរីកចម្រើន

ព្រៃវែង៖ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ភុន សម្ផស្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលស្រុកកំពង់ត្របែក ជំនួសលោក យ៉ាវ សានិន ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារជាអភិបាលស្រុកព្រះស្ដេច ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏មានប្រសាសន៍ណែនាំដល់ លោក ភុន សម្ផស្ស ដែលទើបទទួលតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដើម្បីបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋានស្រុកកំពង់ត្របែក នេះឲ្យកាន់តែមានការរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត។
ពិធីប្រកាសនោះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត នាយកទីចាត់ការ និងមន្ត្រីរាជការសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យជុំវិញរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ មេភូមិ និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបផងដែរ៕

