អនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹក និងស្ត្រីមានផ្ទៃពោះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិ្តព្រឹទ្ធបណ្ដិត ប៊ុន រ៉ានីហ៊ុន សែន អមដំណើរដោយឯកឧត្តម លោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ទីប្រឹក្សា និងសមាជិកខុទ្ទកាល័យ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ឱសថ និងថវិកាជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសាកងទ័ពចំនួន ៣៥៣គ្រួសារ ព្រមទាំងសិស្សានុសិស្សភៀសសឹកចំនួន ២៩៤នាក់ នៅបរិវេណសួនច្បារ ទល់មុខសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងកិច្ចសំណេះសំណាលនាឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរយុទ្ធជនដែលបាននឹងកំពុងឈរជើងយ៉ាងរឹងមាំ តស៊ូ ក្រាញននៀល ការពារទឹកដីមាតុភូមិកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានភៀសខ្លួនចេញពីលំនៅឋាន ដើម្បីជៀសផុតពីការវាយប្រហាឈ្លានពានដ៏ព្រៃផ្សៃរបស់ពួកយោធាសៀម ដែលជានិច្ចកាលតែងតែមានមហិច្ចតាទន្ទ្រានយកទឹកដីរបស់កម្ពុជា។
ឯកឧត្តមបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានជំនឿជឿជាក់មកលើការដឹកនាំប្រកបដោយគិតិបណ្ឌិត និងឆ្លាតវៃរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។
ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី១ ក៏បានសម្តែងនូវការដឹងគុណ និងគារវកិច្ចដ៏ជ្រាលជ្រៅ ចំពោះវីរភាពអង់អាចក្លាហាន មោះមុតដ៏គួរឱ្យកោតស្ញប់ស្ញែងរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់សូមទទួលបានសុខភាពល្អ និងអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
បន្ទាប់ពីសំណេះសំណាលជាមួយបងប្អូនភៀសសឹករួចមក ឯកឧត្តមអនុប្រធានទី១ គណៈប្រតិភូ និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេទន្លេ និងផ្លូវថ្នល់ ស្ថិតនៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំជួសជុលនៅពេលខាងមុខនេះផងដែរ៕

