ឯកឧត្តម ខូយ រីដា បន្តទទួលថវិកាពីសប្បុរសជននានា ដើម្បីចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នាថ្ងៃអង្គារ ទី០៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកា ពីសប្បុរសជនក្នុងខេត្ត និងសប្បុរសជនតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត ដើម្បីចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក បានប្រមាណ២០%ហើយ។
ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណ ដល់សប្បុរសជនក្នុងខេត្ត និងសប្បុរសជនតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានចូលរួមជាកម្លាំងសាមគ្គី បរិច្ចាគថវិកាដែលកើតចេញពីកម្លាំងញើសឈាម ដើម្បីឧបត្ថម្ភគាំទ្រ និងបានប្រគល់ជូននាពេលនេះ គឺជាការចូលរួមចំណែកដ៏ធំធេង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។
ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធន របស់អស់លោក លោកស្រី គឺជាគម្រូដ៏ល្អមួយ និងមានតម្លៃក្នុងសង្គម សម្រាប់ការអភិវឌ្ឍខេត្ត ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តរបស់យើងឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង។ នេះគឺជាសណ្តានចិត្តដ៏ថ្លៃថ្លា និងជាមហាកម្លាំងសាមគ្គី ហើយក៏សង្ឃឹមថាសប្បុរសជននឹងបន្តចូលរួមបន្ថែមទៀត ដើម្បីឱ្យសមិទ្ធផលខាងលើនេះ អាចចេញជារូបរាងឡើង សម្រាប់ជាឧត្តមប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវា៕

