ការជូនដំណឹងអំពីគ្រោះទឹកជំនន់ទឹកភ្លាមៗ ត្រូវបានដាក់ចេញនៅក្នុងទីក្រុង Los Angeles និងតំបន់ជាច្រើននៃភាគខាងត្បូងរដ្ឋ California របស់សហរដ្ឋអាមេរិក ខណៈដែលគ្រប់គ្នាកំពុងប្រារព្ធបុណ្យ Christmas

Los Angeles៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ ការជូនដំណឹងអំពីគ្រោះទឹកជំនន់ទឹកភ្លាមៗ ត្រូវបានដាក់ចេញនៅក្នុងទីក្រុង Los Angeles និងតំបន់ជាច្រើននៃភាគខាងត្បូងរដ្ឋ California របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈដែលគ្រប់គ្នាកំពុងប្រារព្ធបុណ្យ Christmas។
អភិបាលរដ្ឋ California លោក Gavin Newsom បានប្រកាសអាសន្នរដ្ឋក្នុងតំបន់មួយចំនួន រួមទាំងនៅទីក្រុង Los Angeles ដើម្បីសម្រួលដល់ការប្រមូលផ្តុំ និងបែងចែកក្រុមសង្រ្គោះបានឆាប់រហ័ស ប្រសិនបើចាំបាច់។ ភ្លៀងធ្លាក់ខ្លាំងលើកទីមួយ បានវាយប្រហារតំបន់នានាកាលពីយប់ថ្ងៃអង្គារ បណ្តាលឱ្យបាក់រលំដើមឈើ និងបន្សល់ទុកកម្ទេចកម្ទីនៅតាមដងផ្លូវ ក៏ដូចជាទឹកជន់លិចតិចតួចដែលរារាំងដល់ការធ្វើចរាចរណ៍ ក្នុងទីក្រុង Los Angeles។
មកដល់ព្រឹកថ្ងៃពុធ ភ្លៀងធ្លាក់កាន់តែខ្លាំង ធ្វើឱ្យមនុស្សរាប់ពាន់នាក់នៅភាគខាងត្បូងរដ្ឋ California លែងមានអគ្គិសនីប្រើប្រាស់ ហើយនៅពេលយប់ឆ្លងចូលថ្ងៃបុណ្យ Christmas នេះ មន្ត្រីឧតុនិយមបានព្រមានថា នឹងមានព្យុះមួយទៀតរំកិលមកកាន់ទីក្រុង Los Angeles៕

