សម្តេចធិបតី ជឿជាក់ថាកម្ពុជា និង វៀតណាម នឹងបន្តរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរនេះតរៀងរហូតដល់អ្នកជំនាន់ក្រោយ

ព្រៃវែង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងដោយជឿជាក់ថា ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា, កម្ពុជា និង វៀតណាម នឹងបន្តរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និង មានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះតរៀងរហូតដល់អ្នកជំនាន់ក្រោយ។
ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងព្រំដែនទាំងអស់ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងសហប្រតិបត្តិការផ្នែក នយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជា ផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិថ្មីនាពេលនេះ បង្ហាញអំពីសមិទ្ធផលដែលមានតម្លៃជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការរីកចម្រើនផ្នែកទំនាក់ ទំនង និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើគ្រប់វិស័យ និងគ្រប់ទីកន្លែង សំដៅប្រែក្លាយតំបន់ព្រំដែន ឱ្យក្លាយជា «តំបន់នៃឱកាស» សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

