សិង្ហបុរីនឹងរឹតបន្តឹងបម្រាម ស្តីពីទូរសព្ទ smartphone និងនាឡិកា smartwatch នៅតាមសាលារៀនកម្រិតវិទ្យាល័យ ចាប់ផ្តើមពីខែមករា ដើមឆ្នាំក្រោយតទៅ

សិង្ហបុរី៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំនៃប្រទេសសិង្ហបុរី បានឱ្យដឹងថា បុរីរដ្ឋមួយនេះនឹងរឹតបន្តឹងបម្រាម ស្តីពីទូរសព្ទ smartphone និងនាឡិកា smartwatch នៅតាមសាលារៀនកម្រិតវិទ្យាល័យ ចាប់ផ្តើមពីខែមករា ដើមឆ្នាំក្រោយតទៅ។
នៅក្រោមគោលការណ៍បច្ចុប្បន្ន សិស្សានុសិស្សានៅតាមវិទ្យាល័យ ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ឧបករណ៍ទាំងនោះ នៅក្នុងថ្នាក់រៀនឡើយ ប៉ុន្តែគោលការណ៍នេះ នឹងត្រូវពង្រីកបន្ថែមឱ្យរួមបញ្ចូលទាំង ពេលមិនមែនម៉ោងសិក្សានៅក្នុងថ្នាក់ ដោយពួកគេនឹងតម្រូវឱ្យរក្សាទុក ទូរសព្ទនិងនាឡិកាទំនើបទាំងនោះ នៅទីតាំងដែលបានកំណត់ដូចជា ទូដាក់សម្ភារ ឬកាបូបរៀនជាដើម អំឡុងពេលស្ថិតនៅក្នុងសាលារៀន។
កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ក្រសួងអប់រំសិង្ហបុរី បាននិយាយថា គោលដៅនៃការរឹតបន្តឹងនេះ គឺដើម្បីបង្កើតបរិស្ថានសាលារៀន ដែលផ្តោតអាទិភាព លើការរៀនសូត្ររបស់សិស្ស ហើយពង្រឹងការចូលរួមធ្វើសកម្មភាពរបស់ពួកគេ ដោយកសាងទម្លាប់ប្រើប្រាស់ស្រ្គីន និងសុខុមាលភាព ដែលកាន់តែល្អប្រសើរជាងមុន។
ក្រសួងអប់រំសិង្ហបុរី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ស្រ្គីនក្នុងចំណោមសិស្ស ត្រូវបានរកឃើញថា ជះផលប៉ះពាល់អវិជ្ជមានចំពោះ សកម្មភាពសំខាន់ៗដូចជា ការទទួលទានដំណេក ការធ្វើលំហាត់ប្រាណ និងការធ្វើប្រាស្រ័យទាក់ទងសង្គម ជាមួយមិត្តភក្តិ ក៏ដូចជាគ្រួសារ។ យ៉ាងណាមិញ សាលារៀនអាចនឹងផ្តល់អនុញ្ញាត ចំពោះការប្រើប្រាស់ smartphone ក្នុងករណីលើកលែងពិសេស ដែលចាំបាច់ខ្លាំង៕

