ឯកឧត្តម ឈន សាណាត ៖ ១ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានខិតខំសម្រេចឱ្យបាននូវទិសដៅ និងសូចនាករ បានកំណត់ក្នុងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងថា រយៈពេល ១ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានខិតខំសម្រេចឱ្យបាននូវទិសដៅ និងសូចនាករ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ និងការធ្វើកំណែទម្រង់ពន្ធនាគារ។
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានថ្លែងបែបនេះនាឱកាសអញ្ជើញជាអធិបតីប្រកាសបើកកម្មពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដោយមានការចូលចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត និងលោក លោកស្រីជាថ្នាក់ដឹកនាំ-មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានមានប្រសាសន៍ថា ឆ្នាំ២០២៥នេះ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់អាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ដែលមានស្នូលនៃយុទ្ធសាស្ត្រ៣ គឺការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន។
ឯកឧត្តម អគ្គនាយក បន្ដថា នៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ ការគ្រប់គ្រងរដ្ឋបាលផែនដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងនោះវិស័យពន្ធនាគារត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រទី៣ គឺការលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ។ ឯកឧត្តម អគ្គនាយក គូសបញ្ជាក់ថា «រយៈពេល១ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានខិតខំសម្រេចឱ្យបាននូវទិសដៅ និងសូចនាករ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ របស់ខ្លួនដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ និងការធ្វើកំណែទម្រង់ពន្ធនាគារ»។
សូមជម្រាបជូនថា ការរៀបចំសន្និបាតនាពេលនេះ គឺដើម្បីឆ្លុះបញ្ចាំងនិងធានាឱ្យការបូកសរុបលទ្ធផលការងារឆ្នាំ២០២៥នេះ មានភាពពេញលេញគ្រប់ជ្រុងជ្រោយ ដែលមានការស្មើគ្នារវាងការអនុវត្តការងារជាក់ស្តែងជាមួយនឹងផែនការសកម្មភាព និងភារកិច្ចដែលបានកំណត់ជាមូលដ្ឋានធ្វើការត្រួតពិនិត្យវាយតម្លៃ អំពីបញ្ហាប្រឈម និងការងារដែលនៅសេសសល់ដើម្បីដាក់ចេញនូវដំណោះស្រាយ និងកំណត់ទិសដៅសម្រាប់អនុវត្តនៅឆ្នាំ២០២៦ ឱ្យបានសមស្រប៕

