ក្រុមហ៊ុនទេសចរណ៍ដ៏ល្បី និងនាំមុខគេមួយនៅអង់គ្លេស ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេសជាច្រើនមកកម្ពុជា ប្តេជ្ញានាំភ្ញៀវទេសចរអង់គ្លេសមកទស្សនាកម្ពុជាឱ្យបានច្រើនថែមទៀត

ភ្នំពេញ៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Rebecca Edwards នាយិកាទទួលបន្ទុកផលិតផលជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Audley Travel ជាក្រុមហ៊ុនទេសចរណ៍ដ៏ល្បីរបស់អង់គ្លេស ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេសជាច្រើនមកទស្សនាកម្ពុជា បានសន្យាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងចំណាត់ថ្នាក់ទីក្រុងសៀមរាបជាទីក្រុងគោលដៅទេសចរណ៍ដ៏ល្អមួយប្រចាំឆ្នាំ២០២៥ ដោយ Lonely Planet ឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរអង់គ្លេស និងអន្តរជាតិ។ នេះបើយោងតាមក្រសួងទេសចរណ៍។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញលោកស្រី និងសហការីមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ និងជួយ ផ្សព្វផ្សាយបន្តពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស៕

