ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាលជាមួយគ្រួសារកងទ័ព នៅក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នៅមន្ទីរគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារកងទ័ពទាំង ១១៣គ្រួសារ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈកម្មាធិការគណបក្សខណ្ឌ, លោក លោកស្រី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខណ្ឌ, ឯកឧត្តម លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ ដែលមានសមាសភាពសរុបប្រមាណ ១៤០នាក់។
នាឱកាសនេះ ឯកឧត្តម ហេង សួរ ក្នុងនាមជាថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានពោធិ៍សែនជ័យ បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាក ដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈ សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ បន្ថែមពីនោះឯកឧត្តមក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់សមាជិកគ្រួសារកងទ័ពផងដែរ។
ទន្ទឹមនេះ ឯកឧត្តម បានផ្ដល់អនុសាសន៍ណែនាំដល់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ សូមបន្តយកចិត្តទុកដាក់ និងបន្តសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារកងទ័ពតាមបណ្ដាសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ។

