លោក Mark Carney៖ កាណាដានឹងមិនអនុញ្ញាតឱ្យទំនិញមិនស្មើភាពមកពីអាមេរិក ហូរចូលក្នុងទីផ្សាររបស់ខ្លួនឡើយ បើការពិភាក្សានានាទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោនត្រូវបរាជ័យ

អូតាវ៉ា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ ២០២៥ នាយករដ្ឋមន្រ្តី លោក Mark Carney បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កាណាដានឹងមិនអនុញ្ញាតឱ្យទំនិញមិនស្មើភាពមកពីអាមេរិក ហូរចូលក្នុងទីផ្សាររបស់ខ្លួនឡើយ ប្រសិនបើការពិភាក្សានានា ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន ពិតជាត្រូវបរាជ័យ។
កាលពីដើមឆ្នាំ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានដាក់ពន្ធកាណាដា លើដែកថែប អាលុយមីញ៉ូម និងរថយន្តអូតូ ជាហេតុនាំឱ្យកាណាដាឆ្លើយតបវិញដូចគ្នា។ ភាគីទាំងពីរបានធ្វើការចរចាអស់ប៉ុន្មានសប្តាហ៍មកហើយជុំវិញបញ្ហានេះ ហើយឆ្នាំក្រោយ អាមេរិក កាណាដា រួមទាំងម៉ិកស៉ិក ក៏ដល់ពេលត្រូវពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ ២០២០ ផងដែរ។
ដោយសំដៅទៅលើកិច្ចព្រមព្រៀងទ្វេភាគី និងការពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ លោក Carney គូសបញ្ជាក់ថា «បើយើងមិនសម្រេចបានវឌ្ឍនភាព នៅក្នុងវិស័យផ្សេងៗទាំងនេះទេ យើងនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពារដល់កម្មកររបស់យើង»។
លោកបន្ថែមថា «ករណីអាមេរិកមានសិទ្ធិចូលមកក្នុងទីផ្សាររបស់យើង តាមរបៀបដែលផ្អែកលើកម្រិតនៃការចូល ទៅកាន់ទីផ្សាររបស់ពួកគេដូចដែលយើងធ្លាប់ធ្វើ នោះយើងនឹងប្តូរលក្ខខណ្ឌ។ ប៉ុន្តែមិនទាន់កើតឡើងនៅពេលនេះទេ»៕
