អភិបាលខេត្តរតនគិរី ប្ដេជ្ញាបន្តអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋានជូនប្រជាពលរដ្ឋ

រតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានធ្វើការប្ដេជ្ញាចិត្តនឹងបន្តអភិវឌ្ឍខេត្តរតនគិរី ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។
ការប្ដេជ្ញាចិត្តរបស់ ឯកឧត្តម បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរខេត្តរតនគិរី ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ ដែលបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
ថ្លែងបើកសន្និបាតដ៏មានសារៈសំខាន់នេះ ឯកឧត្ដម ញ៉ែម សំអឿន បានលើកឡើងថា សន្និបាតបូកសរុបលទ្ធផលការងារ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ គឺជាលទ្ធផលការងារនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារតាមវិស័យជំនាញនីមួយៗ ដោយអនុវត្តតាមការចង្អុលបង្ហាញណែនាំ និងដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់។ លទ្ធផល នៃការអនុវត្តការងារ បង្ហាញអំពីសមត្ថភាពមន្ត្រី សមត្ថភាពការិយាល័យជំនាញ និងសមត្ថភាពរបស់អង្គភាព។
ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាពអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ ហើយក៏ជាការចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តរតនគិរី ក្នុងនាមវិស័យជំនាញរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ស្របតាមគោលនយោបាយដាក់ចេញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដោយមានការសម្របសម្រួលដឹកនាំផ្ទាល់ដោយអាជ្ញាធរខេត្តរតនគិរី។
ឯកឧត្តម អភិបាលខេត្ត បានប្តេជ្ញាថា «នឹងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏នឹងបន្តអភិវឌ្ឍខេត្តរតនគិរីឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ការធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការទប់ស្កាត់ និងបង្ក្រាបបទល្មើស និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ មានភាពឆាប់រហ័សទាន់ពេលវេលា ការផ្តល់សេវាសាធារណៈកាន់តែគៀកប្រជាពលរដ្ឋ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ គោរពច្បាប់ និងគោលការណ៍បច្ចេកទេស»។
យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងតួរលេខក្បាលដី មន្ទីរអនុវត្តបានចំនួន ៣៤,៤៤៥ ក្បាលដី, វិនិច្ឆ័យទិន្នន័យបានចំនួន ២៨,៥៣៧ ក្បាលដី, បញ្ចូលទិន្នន័យបានចំនួន ១០.១៥,២៧៥ ក្បាលដី, ចែកវិញ្ញាបនបត្របានចំនួន៣,១១១ វិញ្ញាបនបត្របិទផ្សាយជាសាធារណៈចំនួន ១៤ភូមិ, ប្រកាសតំបន់វិនិច្ឆ័យចំនួន ៩៧ ភូមិ៕

