អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

ព្រះសីហនុ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលសិក្សានៅគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានថ្លែងស្វាគមន៍សិស្សថ្នាក់ទី១២ ដែលសិក្សានៅគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងព្រះសីហនុ ហើយថ្ងៃនេះបានមកជួបជាមួយប្អូនៗទាំងអស់គ្នា ឈានឆ្ពោះទៅរកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥-២០២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខ សូមឱ្យប្រឡងជាប់ទាំងអស់គ្នា ជាពិសេសទទួលបានលទ្ធផលល្អជាងឆ្នាំកន្លងមក។
ឯកឧត្តមបន្ដថា យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា បើមិនបាននិទ្ទេស A យ៉ាងហោចណាស់បាននិទន្ទេស B ឬ C ដែលជាភាពជោគជ័យរបស់ក្មួយ ព្រមទាំងបានថ្លែងអំណគុណចំពោះលោកគ្រូ អ្នកគ្រូ គណៈនាយក និងសហគមន៍ទាំងអស់ដែលបានចូលរួមអភិវឌ្ឍសាលារៀន និងការប្រមូលធាតុចូលក្នុងការបណ្តុះបណ្តាលធនធានមនុស្សទទួលបានលទ្ធផលល្អ។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានសន្យាជាមួយសិស្សថ្នាក់ទី១២ នៃឆ្នាំសិក្សា២០២៥-២០២៦ ប្រសិនប្រឡងជាប់និទ្ទេស A រដ្ឋបាលខេត្តនឹងផ្តល់ម៉ូតូចំនួន ១គ្រឿង ដូចឆ្នាំកន្លងមកដែរ។
សូមរម្លឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ខេត្តព្រះសីហនុ មានបេក្ខជនប្រឡងជាប់និទ្ទេស Aមានចំនួន ៥៦នាក់ ស្រី ចំនួន ២៦នាក់៕

