ឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ ដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃការងារនៅការដ្ឋានផ្ទាល់

ភ្នំពេញ÷នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានរតនាគារជាតិ និងជាប្រធានក្រុមលទ្ធកម្ម ទទួលការងារជួសជុល កែលម្អ និងពង្រឹងអគារបុរាណ នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃការងារនៅការដ្ឋានផ្ទាល់។ ចូលរួមក្នុងការពិនិត្យ និងវាយតម្លៃការងារនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម មុំ គន្ធា អនុរដ្ឋលេខាធិការ ជានាយករងខុទ្ទកាល័យ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមលទ្ធកម្ម, លោក ឌៀប ប្រសើរ ប្រធានលេខាធិការ តំណាងរបស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមលទ្ធកម្ម។ ក្រុមគណៈកម្មការលទ្ធកម្ម នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានប្រគល់កិច្ចសន្យា សម្រាប់ការជួសជុល កែលម្អ និងពង្រឹងអគារបុរាណនេះ ជូនដល់ក្រុមហ៊ុន ខេមខូណា គ្រុប កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងដំណើរការនៃការចុះពិនិត្យ និងវាយតម្លៃការងារនេះ លោក វ៉ាហេង ដាវុធ តំណាងក្រុមហ៊ុន ខេមខូណា គ្រុប បានធ្វើការវាយតម្លៃជារួម នូវការអនុវត្តការងារ បានប្រមាណជា ៤៥ភាគរយ ជម្រាបជូនដល់ឯកឧត្តមបណ្ឌិតប្រតិភូ និងក្រុមការងារ ដែលរួមមានៈ ការងាររៀបចំការដ្ឋាន,ការងាររុះរើ,ការងារជួសជុល កែលម្អ និងពង្រឹង,ការងារសាងសង់ថ្មីផ្នែកខាងក្នុងអគារ,ការងារផ្នែកអគ្គិសនី LV(ELECTRICAL LV SYSTEM),ការងារផ្នែកអគ្គិសនី ELV(ELECTRICAL ELV SYSTEM),ការងារផ្នែកម៉ាស៊ីនត្រជាក់(AIR CONDITIONING SYSTEM)ប្រព័ន្ធទឹក និងប្រព័ន្ធពន្លត់អគ្គីភ័យ (PLUMBING & FIREFIGHTING SYSTEM)។
ឯកឧត្តមបណ្ឌិតប្រតិភូ និងក្រុមការងារ បានពិនិត្យការដ្ឋានដោយយកចិត្តទុកដាក់ និងបានវាយតម្លៃខ្ពស់ចំពោះបច្ចេកទេសរបស់ក្រុមហ៊ុន ដែលបានអនុវត្តការងារជួសជុល កែលម្អ និងពង្រឹងអគារបុរាណ បានរលូនសមស្របតាមកិច្ចសន្យា។ ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានសំណូមពរ ដល់ក្រុមហ៊ុន និងក្រុមការងារ ត្រូវថតរូបភាព និងរូបវីដេអូ ដើម្បីចងក្រងតាមដំណាក់កាលជួសជុលនីមួយៗ ដើម្បីជាឯកសារតម្កល់ទុកទៅថ្ងៃក្រោយ។ ការចុះពិនិត្យ និងវាយតម្លៃ ការងារជួសជុល អគារបុរាណនេះ បានចាប់ផ្តើមនៅម៉ោង៩:00ព្រឹក និងបញ្ចប់នៅម៉ោង១០:៤៥នាទី ក្រោមបរិយាកាសរីករាយ និងស្និតស្នាល៕

