លោកស្រី តៅ សុខម៉ារ៉ា អញ្ជើញដឹកនាំប្រតិភូក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចុះសិក្សាស្វែងយល់អំពីការបញ្ជ្រាបយេនឌ័រនៅរដ្ឋបាលខេត្តកំពត

តកំពត៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោកស្រី តៅ សុខម៉ារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាប្រធានក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំប្រតិភូជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថ្នាក់ខេត្តដើម្បីធ្វើការស្វែងយល់អំពីការបញ្ជ្រាបយេនឌ័រនៅរដ្ឋបាលខេត្តកំពតនៅសាលប្រជុំសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តផងដែរ។
ក្រៅពីការស្វែងយល់អំពីការបញ្ជ្រាបយេនឌ័រនៅរដ្ឋបាលខេត្តកំពត ក្រុមការងារក៏បានចុះសិក្សាស្វែងយល់និងដកស្រង់បទពិសោធការងារយេនឌ័រដោយផ្ទាល់នៅមន្ទីរកិច្ចការនារី ដោយបានចុះទៅមជ្ឈមណ្ឌលអភិវឌ្ឍស្រ្តី ដើម្បីសិក្សានិងស្វែងយល់អំពីការផ្តល់នូវបំនិនជីវិត និងជំនាញវិជ្ជាជីវៈដល់ស្រ្តី ។ទន្ទឹមនេះ ក្រុមការងារក៏បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ នៅរដ្ឋបាលឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។
សូមជម្រាបជូនថា ការចុះសិក្សាស្វែងយល់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារនៃការបញ្ជ្រាបយេនឌ័រ ការពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងការដកបទពិសោធផ្នែកយេនឌ័រនៅរដ្ឋបាលខេត្តកំពត៕










