ក.ប.ប. រកឃើញភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មាន និងកង្វះអនាម័យ

ភ្នំពេញ៖ នៅថ្ងៃទី៥ តុលា មន្ត្រី ក.ប.ប មន្រ្តីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពេទ្យសត្វ បានចុះត្រួតពិនិត្យផលិតផលសាច់បង្កក ក្លាសេ នាំចូលក្នុងទីតាំងចំនួន ៣ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ។
បេីតាម ក.ប.ប ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញ។ ក្នុងបេសកកម្មនេះ មន្រ្តី ក.ប.ប. បានដកយកសំណាកគំរូមកវិភាគនៅនឹងកន្លែងជាមួយមន្ទីរពិសោធន៍ចល័ត ស្វែងរកសារធាតុគីមីហាមឃាត់តាមរយៈប្រតិករគីមី (Test Kit) សរុបចំនួន ៣៣ គំរូ។
ក្រោយពិនិត្យរួច ក.ប.ប អះអាងថា មិនមានការកំណត់ឃើញសញ្ញាណសារធាតុគីមីហាមឃាត់ឡើយ។ ប៉ុន្តែក្នុងប្រតិបត្តិការត្រួតពិនិត្យនេះមន្រ្តីជំនាញ បានរកឃើញនូវភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មាន កង្វះអនាម័យផ្នែកមួយចំនួន ក្នុងទីតាំងទូរបង្កក ក្លាសេ ដែលសីតុណ្ហភាពមិនសមស្រប និងលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពផលិតផល។ ជុំវិញបញ្ហានេះ មន្ត្រី ក.ប.ប តម្រូវឱ្យមានការកែលម្អ និងកែតម្រូវឡើងវិញ។

