ឆ្មាំសមុទ្រចិន បានបាញ់កាំភ្លើងទឹកទៅលើនាវាហ្វីលីពីននៅក្បែរប្រជុំកោះ Scarborough Shoal

បរទេស៖ ឆ្មាំសមុទ្រចិន បានបាញ់កាំភ្លើងទឹកទៅលើនាវាហ្វីលីពីននៅក្បែរប្រជុំកោះ Scarborough Shoal នៅថ្ងៃអង្គារនេះ ដោយចោទប្រកាន់ទីក្រុងម៉ានីលពីបទ «ឈ្លានពានដោយខុសច្បាប់» ខណៈហ្វីលីពីនបានថ្កោលទោសទង្វើនេះថាជា «សកម្មភាពឈ្លានពាន»។
ទីក្រុងប៉េកាំងបានអះអាងថា នាវារបស់ហ្វីលីពីនបានបុកនាវារបស់ខ្លួនដោយចេតនា ប៉ុន្តែភាគីហ្វីលីពីនបានច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថាបេសកកម្មរបស់ខ្លួនគឺជា «បេសកកម្មមនុស្សធម៌» ដើម្បីជួយអ្នកនេសាទ ហើយការចោទប្រកាន់របស់ចិនគឺ «គ្មានការពិត»។
គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះកើតឡើងបន្ទាប់ពីចិនបានប្រកាសផែនការប្រែក្លាយប្រជុំកោះនេះទៅជាតំបន់អភិរក្សធម្មជាតិ ដែលជាជំហានមួយត្រូវបានគេមើលឃើញថាជាការសាកល្បងការឆ្លើយតបរបស់ហ្វីលីពីន នៅក្នុងតំបន់សមុទ្រដែលមានជម្លោះដ៏តានតឹងនេះ៕
