អ៊ីស្រាអែលបញ្ជាឱ្យប្រជាជនរាប់សែននាក់ដែលរស់នៅក្នុងទីក្រុងហ្កាហ្សាចាកចេញ ខណៈខ្លួនកំពុងបង្កើនសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស

ហ្កាហ្សា៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ Al-Naser នៃទីក្រុងហ្កាហ្សា ដែលជាតំបន់មិនទាន់រងការបំផ្លិចបំផ្លាញខ្លាំង នៅថ្ងៃព្រហស្បតិ៍នេះ កំពុងត្រូវសម្រេចចិត្តថាតើត្រូវស្នាក់នៅ ឬចាកចេញ បន្ទាប់ពីយោធាអ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណព្រមានថា កងទ័ពរបស់ខ្លួននឹងចូលគ្រប់គ្រងសង្កាត់ភាគខាងលិចមួយនេះ។
អ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនរាប់សែននាក់ដែលរស់នៅក្នុងទីក្រុងហ្កាហ្សា ចាកចេញ ខណៈខ្លួនកំពុងបង្កើនសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ប៉ុន្តែដោយសារតែគ្មានទីកន្លែងសុវត្ថិភាព ទីធ្លា និងស្បៀងអាហារគ្រប់គ្រាន់នៅតំបន់ផ្សេងទៀត ប្រជាជនត្រូវប្រឈមមុខនឹងជម្រើសដ៏អាក្រក់បំផុត។
លោក Ahmed Al-Dayeh ដែលជាឪពុកម្នាក់ បាននិយាយទាំងឈឺចាប់ថា «ជីវិតរបស់យើងវិលជុំវិញតែសង្គ្រាម យើងត្រូវតែផ្លាស់ពីតំបន់មួយទៅតំបន់មួយទៀត។ យើងទ្រាំទ្រលែងបានទៀតហើយ ពួកយើងហត់នឿយណាស់»។
គួរបញ្ជាក់ថា យោងតាមក្រុមគ្រូពេទ្យ និងអាជ្ញាធរសុខាភិបាលក្នុងតំបន់ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៣៤នាក់នៅទូទាំងតំបន់ហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមាន ២២នាក់នៅទីក្រុងហ្កាហ្សា និង ១២នាក់ទៀតនៅតំបន់ភាគកណ្តាល និងភាគខាងត្បូង។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន ៧នាក់ត្រូវបានវាយប្រហារ ខណៈពួកគេកំពុងស្វែងរកអាហារ៕
