កម្ពុជាស្នើឱ្យ ADB ជួយគាំទ្រលើផែនការចាំបាច់សម្រាប់កម្ពុជាក្នុងការវិនិយោគលើវិស័យធនធានទឹក និងឧតុនិយម

ភ្នំពេញ៖ ប្រភពពីក្រសួងធនធានទឹកបានឱ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តចូលរួមក្នុងប្រជុំស្ដីពីផែនការវិនិយោគលើការបន្សាំអាកាសធាតុ នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
សូមជម្រាបថា វេទិកានេះបានផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗដូចជា៖ ទី១)ការកំណត់អាទិភាពការវិនិយោគលើការបន្សាំនឹងអាកាសធាតុ ទី២)ការបង្កើនការវិនិយាគលើការបន្សាំនឹងអាកាសធាតុដោយមានការចូលរួមពីវិស័យឯកជន និង ទី៣)ការរៀបចំធ្វើផែនការអនុវត្តគម្រោងបន្សាំនឹងអាកាសធាតុតាមប្រទេសនីមួយៗដែលផ្តល់ហិរញ្ញទានពីមូលនិធិអាកាសធាតុបៃតង (GCF)។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះភាគីកម្ពុជាមានវត្តមានចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លោកស្រី Natasha អ្នកសម្របសម្រួលគម្រោងនៃការរៀបចំផែនការវិនិយោគការបន្សាំនឹងអាកាសធាតុផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការដឹកនាំគម្រោងដ៏សំខាន់នេះឈានទៅទទួលបានជោគជ័យជួយដល់គ្រប់វិស័យដែលពាក់ព័ន្ធ ដោយរួមគ្នាអនុវត្តក្នុងគោលដៅតែមួយ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពរស់នៅ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យក្រុមប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជួយគាំទ្រលើផែនការចាំបាច់សម្រាប់កម្ពុជាក្នុងការវិនិយោគលើវិស័យធនធានទឹក និងឧតុនិយម៕

