ក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ! មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការចែកជូនកងទ័ពកំពុងឈរជើងនៅខ្សែត្រៀមជួរមុខជាង ៦០០គ្រួសារ ក្នុងខេត្តកោះកុង

(កោះកុង)៖ នៅក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ! ខ្មែរជួយខ្មែរ! ខ្មែរដើម្បីខ្មែរ! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ព្រមទាំងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ នាំយកនូវសម្ភារប្រើប្រាស់មួយចំនួន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដើម្បីយកទៅចែកជួនដល់កម្លាំងដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ យោធភូមិភាគទី៣ ក្នុងខេត្តកោះកុង
អំណោយទាំងនោះរួមមាន៖ នាយ-នាយនគរបាលរង នៃវរសេនាតូច៨២៧ (ក្នុងនោះដែរមានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក សរុប៥៦គ្រួសារ) និងនាយទាហាន-នាយទាហានរង ផ្នែកសឹករងស្រុកមណ្ឌលសីមា និងកម្លាំងអន្តរាគមន៍ការពារព្រំដែន (មានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹកចំនួន ២៣៩គ្រួសារ) ព្រមទាំងនាយទាហាន-នាយទាហានរង នៃកម្លាំងវរសេនាតូច៣៣៧ ដែលប្រចាំការ ការពារព្រំដែន (មានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក សរុបចំនួន324គ្រួសារ) ដោយសរុបជារួមមានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹកសរុប ៦១៩គ្រួសារ ដែលមកពី ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ដោយក្នុងនោះដែរ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានឧបត្ថម្ភថវិកាជូនដល់មេបញ្ជាការ យោធភូមិភាគទី៣ ចំនួន ១០លានរៀល, មេបញ្ជាការ សឹករងស្រុកមណ្ឌលសីមា ចំនួន ១លានរៀល, មេបញ្ជាការវរសេនាតូចលេខ៣៣៧ ចំនួន ១លានរៀល,មេបញ្ជាការវរសេនាតូចលេខ៨២៧ ចំនួន ១លានរៀល និងមេបញ្ជាការវរអន្តរាគមន៍ ចំនួន១លានរៀល ផងដែរ។
និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបងប្អូនក្រុមគ្រួសារជនភៀសសឹក ចំនួន ៦១៩គ្រួសារទៀត ដោយក្នុង១គ្រួសារទទួលបាននូវ៖ អង្ករ ១បាវ,ទឹកបរិសុទ្ធ ៦ដប, មីខ្លាឃ្មុំ ២០កញ្ចប់, ទឹកផ្លែឈើ Era gold 5 កំប៉ុង,នំប្រៃ ១កញ្ចប់, ទឹកស៊ីអ៉ីវ ១យួរ, អំបិលល្អិត ១ខ្សែ, ទឹកដោះគោ ២កញ្ចប់, បាយប្រអប់ ៤ប្រអប់, ស្ករ ១កញ្ចប់, ទឹកត្រី ១យួរ, ត្រីខ ១យួរ, អំបិល ១កញ្ចប់, មុង ១, ភួយ ១, ថ្នាំពេទ្យមួយចំនួន, អាវរងារ ១, នំសូកូឡា សាំងវិច ១កេស និងថវិកាក្នុងម្នាក់ ២ម៉ឺនរៀលថែមទៀត។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខ និងយកចិត្តទុកដាក់ ព្រួយបារម្ភ គិតគូរ ខ្វល់ខ្វាយខ្ពស់បំផុតពីឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ចំពោះបងប្អូនវីរកងទ័ពដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខ ដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក រួមនឹងប្រជាពលរដ្ឋថែមទៀតផង។
ក្នុងកាលៈទេសៈនេះគឺជាការចែករំលែកដែលបង្ហាញឱ្យឃើញថាបេះដូងខ្មែរតែមួយ ស្មារតីជាតិនិយមបានផុលឡើងយ៉ាងខ្លាំងក្លាជាទីបំផុត នេះបញ្ជាក់ឱ្យឃើញពីស្មារតីសាមគ្គីជាតិឯកភាពជាតិ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរសាមគ្គី និងខ្មែរដើម្បីខ្មែរ ដែលបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយនៃប្រជាជនខ្មែរ ហើយក៏ជាគំរូដ៏ល្អសម្រាប់ក្មេងជន់ក្រោយផងដែរ។ ដែលបង្ហាញពីសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងបងប្អូនសប្បុរសជន ក៏សូមគោរពដឹងគុណចំពោះវីរភាព និងការលះបង់របស់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ហើយក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនសប្បុរសជនដែលមានចិត្តសប្បុរសធម៌ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួន សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធារៀងៗខ្លួនជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក រួមនឹងប្រជាពលរដ្ឋ៕

