ឯកឧត្តម គឹម ប៉ុណ្ណា ចុះពិនិត្យការងារថែទាំខួប និងការងារស្ថាបនាផ្លូវ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ

ភ្នំពេញ៖នាថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គឹម ប៉ុណ្ណា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយ ឯកឧត្តមអគ្គនាយកដ្ឋានបច្ចេកទេស និងមានការចូលរួមពី លោកអគ្គនាយករងបច្ចេកទេស និងក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវថ្នល់ បានចុះពិនិត្យការងារថែទាំខួប និងការងារស្ថាបនាផ្លូវស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តតាកែវ រួមមានការងារថែទាំខួបកំណាត់ផ្លូវជាតិលេខ២ និងផ្លូវខេត្ត1TK1 និងការងារស្ថាបនាកំណាត់ផ្លូវខេត្តលេខ១២៩ ដែលជាគម្រោងស្ថិតក្នុងផែនការ ឆ្នាំ២០២៥។
ការចុះពិនិត្យនេះ មានគោលបំណងពង្រឹងបន្ថែមលើយន្តការដែលមានស្រាប់នូវគុណភាពនៃការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យកាន់តែប្រសើរឡើងស្របតាមបទដ្ឋានបច្ចេកទេសក្រសួងសាធារណាការ និងដឹកជញ្ជូន និងធានាថាការអនុវត្តស្របតាមបទដ្ឋានបច្ចេកទេសថ្មីៗដែលត្រូវបានកែសម្រួលដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមអ្នកជំនាញការ P4I (Partnership for Infrastructure) និង Austroads នៃប្រទេសអូស្ត្រាលី ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។
ក្នុងដំណើរបេសកកម្ម ក្រុមការងារបានផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា ពិនិត្យគុណភាពបេតុងកៅស៊ូ AC ពិនិត្យការប្រើប្រាស់ថ្មសម្រាប់កម្រាលប្រភេទ DBST ជម្រាលទទឹងផ្លូវ ធ្វើពិសោធន៍លទ្ធភាពទ្រទ្រង់ផ្លូវដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស Benkelman Beam និងពិនិត្យលើការបំពាក់បរិក្ខារចរាចរណ៍៕

