រដ្ឋមន្រ្តីការបរទេសអ៉ីតាលថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ទំនងជានឹងមិនទាន់អាចបិទបញ្ចប់ទៅវិញ នៅក្នុងឆ្នាំ២០២៥នេះឡើយ

រ៉ូម៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសអ៉ីតាល លោក Antonio Tajani កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា បានលើកឡើងថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ទំនងជានឹងមិនទាន់អាចបិទបញ្ចប់ទៅវិញ នៅក្នុងឆ្នាំ២០២៥នេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅទីក្រុងរ៉ូម លោក Tajani បាននិយាយយ៉ាងដូច្នេះថា «សង្រ្គាមនៅអ៊ុយក្រែន នឹងមិនចប់ឆាប់ៗ ដូចមនុស្សមួយចំនួនបានអះអាងនិងជឿជាក់នោះឡើយ… ខ្ញុំមិនចង់ធ្វើជាមនុស្សប្រកាន់ទុទ្ទិដ្ឋិនិយមទេ ប៉ុន្តែខ្ញុំមិនយល់ថា វាអាចមានដំណោះស្រាយ មុនដំណាច់ឆ្នាំនេះឡើយ»។
លោក Tajani បានបន្ថែមថា ប្រសិនបើរុស្ស៉ីនៅតែបន្ត ការវាយប្រហារយ៉ាងសាហាវៗលើអ៊ុយក្រែន វាច្បាស់ណាស់ គឺនឹងចាំបាច់ត្រូវមានការដាក់ទណ្ឌកម្មថ្មីៗបន្ថែម។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោច២៣នាក់ ក្នុងនោះរួមមានកុមារ៤នាក់ បានបាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ដោយប្រើប្រាស់យន្តហោះដ្រូនរាប់រយគ្រឿងរួមជាមួយមីស៉ីល លើ រដ្ឋធានីកៀវរបស់អ៊ុយក្រែន។ បើតាមសេចក្តីរាយការណ៍ ការវាយប្រហារនោះ ក៏បានបណ្តាលឱ្យអគារការិយាល័យ នៃបេសកកម្មរបស់សហភាពអឺរ៉ុប និងរបស់អង្គការក្រុមប្រឹក្សាចក្រភពអង់គ្លេស រងការខូចខាតផងដែរ៕
