រដ្ឋមន្រ្តីការបរទេសដាណឺម៉ាក កោះហៅមន្រ្តីជាន់ខ្ពស់ម្នាក់ ធ្វើការនៅស្ថានទូតអាមេរិកប្រចាំទីក្រុង Copenhagen ជុំវិញរបាយការណ៍ ដែលថា មានជនជាតិ អាមេរិក កំពុង ធ្វើ សកម្មភាពបំភាន់សាធារណមតិ នៅ Greenland

កូប៉ិនហាក៖ ទូរទស្សន៍ DR របស់ដាណឺម៉ាក បានរាយការណ៍ដោយដក់ស្រង់សម្តីពីរដ្ឋមន្រ្តីថា រដ្ឋមន្រ្តីការបរទេសដាណឺម៉ាក បានកោះហៅមន្រ្តីជាន់ខ្ពស់ម្នាក់ ធ្វើការនៅស្ថានទូតអាមេរិកប្រចាំទីក្រុង Copenhagen ជុំវិញរបាយការណ៍ ដែលថា មានជនជាតិ អាមេរិក កំពុង ធ្វើ សកម្មភាពបំភាន់សាធារណមតិ នៅ Greenland។
បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់និយាយថា ចង់ឱ្យសហរដ្ឋអាមេរិកកាន់កាប់កោះក្នុងតំបន់អាកទិក ដែលសម្បូរទៅដោយរ៉ែ និងជាទីតាំងយុទ្ធសាស្ត្រសន្តិសុខជាតិ និងអន្តរជាតិមួយនេះ ហើយមិនបដិសេធការប្រើប្រាស់កម្លាំងដើម្បីធ្វើដូច្នេះឡើយ។
រដ្ឋាភិបាលដាណឺម៉ាកជឿថា យ៉ាងហោចណាស់ជនជាតិអាមេរិក ៣នាក់ ដែលមានទំនាក់ទំនងជាមួយរដ្ឋបាលលោក ត្រាំ បានចូលរួមក្នុងការផ្សព្វផ្សាយបំភាន់សាធារណមតិ នៅក្នុងដែនដី Greenland។
តាមទូរទស្សន៍ DR លោករដ្ឋមន្ត្រីការបរទេស Lars Lokke Rasmussen បានប្រាប់ DR ថា «ការប៉ុនប៉ងណាមួយ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដាណឺម៉ាក ប្រាកដជាមិនអាចទទួលយកបានឡើយ។ ក្នុង ន័យ នេះ ខ្ញុំ បាន ស្នើ ឱ្យ ក្រសួង ការ បរទេស កោះ ហៅមន្រ្តី ទូត អាមេរិក មក សន្ទនា»។
ជុំវិញសេចក្តីរាយការណ៍នេះ ក្រសួងការបរទេសដាណឺម៉ាក មិនទាន់ចេញមកបញ្ជាក់ទេ ខណៈបេសកកម្មរបស់សហរដ្ឋអាមេរិក នៅទីក្រុង Copenhagen មិន អាច ទាក់ទង បាន៕
