អ្នកនាំពាក្យ៖ កម្ពុជាមិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីកម្លាំងជួរមុខទាក់ទងនឹងការផ្ទុះមីន បង្កឱ្យមានរបួសទាហានថៃ៣នាក់ នៅឡើយទេ

ភ្នំពេញ៖ ពាក់ព័ន្ធនឹងការដើរជាន់មីនរបស់ទាហានថៃនៅព្រឹកថ្ងៃសៅរ៍នេះ ត្រូវបានលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រៅពីទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃទាក់ទងនឹងការផ្ទុះមីនបង្កឱ្យមានរបួសទាហានថៃ៣នាក់ ក្រសួងការពារជាតិមិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីកម្លាំងជួរមុខកម្ពុជាទាក់ទងនឹងការផ្ទុះមីននេះនៅឡើយទេ។
អ្នកនាំពាក្យបន្តថា កងទ័ពកម្ពុជា បាននិងកំពុងគោរពយ៉ាងម៉ឺងម៉ាត់នូវស្មារតីបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា”យើងសង្ឃឹមថាភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ”៕

