អ្នកនាំពាក្យក្រសួងការបរទេស ប្រកាសបដិសេដចំពោះការលើកឡើងដោយបង្ករឿងរបស់យោធាថៃថា កម្ពុជាកំពុងដំណើរការសង្គ្រាមបំភាន់ការពិត

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំទាស់ជាខ្លាំងចំពោះការលើកឡើងដោយបង្ករឿងរបស់យោធាថៃថា កម្ពុជាកំពុងដំណើរការសង្គ្រាមបំភាន់ការពិត។
ឯកឧត្ដមបញ្ជាក់ថា “កម្ពុជាសូមជំទាស់ជាខ្លាំងចំពោះការលើកឡើងដែលមានលក្ខណៈបង្ករឿង និងជាការបំភាន់ការពិតរបស់មជ្ឈដ្ឋានយោធាថៃ ដែលបានធ្វើការចែកផ្សាយជាសាធារណៈ នៅលើប្រព័ន្ធសង្គម នៅថ្ងៃម្សិលមិញ។ ការលើកឡើងនោះ ជាការចោទប្រកាន់ដោយគ្មានការទទួលខុសត្រូវ ថាកម្ពុជាកំពុងតែដំណើការនូវអ្វីដែលយោធាថៃចាត់ទុកថា សង្គ្រាមបំភាន់ការពិត។ វាមិនត្រឹមតែជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈរាំងស្ទះដល់លទ្ធភាពនៃការខិតខំប្រឹងប្រែង ដើម្បីសន្តិភាព កិច្ចសន្ទនា និងស្ថិរភាពកំពុងដំណើរការនៅពេលនេះ”។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេស ក៏បានថ្លែងថា កម្ពុជាអំពាវនាវដល់អាជ្ញាធរថៃ ឱ្យប្រកាន់ខ្ជាប់នូវការអត់ធ្មត់ និងវិជ្ជាជីវៈ ក្នុងការទំនាក់ទំនងជាសាធារណៈរបស់ខ្លួន ដោយចៀសវាងចេញផ្សាយសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋាន ហើយគំរាមកំហែងដល់សន្តិភាពដ៏ផុយស្រួយ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕
