អ្នកនាំពាក្យការពារជាតិ៖ គិតត្រឹមព្រឹកថ្ងៃទី៥ សីហានេះ ស្ថានភាពនៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានភាពនៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ខណៈកម្លាំងរបស់កម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ។
អ្នកនាំពាក្យបញ្ជាក់ថា “សភាពការណ៍ជួរមុខចាប់តាំងពីវេលាម៉ោង១២៖០០រំលងអធ្រាត្រ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់ម៉ោង៦៖១៥នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្នអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ”។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បន្ថែមថា កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុត លើលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ទាំងនេះជាការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ សុចរិត ម្មត់ចត់ មិនរុញរា និងមិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកងកម្លាំងប្រដាប់អាវុធដែលយើងបានគោរព និងអនុវត្តយ៉ាងពេញលេញដោយស្ម័គ្រត្រង់ នៃលក្ខខណ្ឌបទឈប់បាញ់ ធ្វើយ៉ាងណាដើម្បីឆ្ពោះទៅរកភាពកាន់តែប្រសើរឡើងឲ្យបានឆាប់រហ័សបំផុត៕
