អ្នកវិភាគសង្គមថា ៖ ថៃចិញ្ចឹមចិត្តឈ្លានពានកម្ពុជាតាំងពីអតីតកាល ដូចនេះ ការជ្រើសរើសយកយន្តការច្បាប់អន្តរជាតិនៅអង្គការសហប្រជាជាតិរបស់កម្ពុជាគឺជារឿងត្រឹមត្រូវ
ភ្នំពេញ៖ អ្នកវិភាគសង្គម និងអ្នកសិក្សាស្រាវជ្រាវបានបង្ហាញការមើលថា ប្រទេសថៃ ឬសៀមបានចិញ្ចឹមឈ្លានពានកម្ពុជាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ដូច្នេះការជ្រើសរើសយន្តការច្បាប់អន្តរជាតិដើម្បីដោះស្រាយ ដែលរាជរដ្ឋាភិបាលកំពុងធ្វើ ពិតជាត្រឹមត្រូវ។
លោកបណ្ឌិតកៅមុយ ថងអ្នកវិភាគសង្គមបានមានប្រសាសន៍ថា ពិភពលោកមើលឃើញហើយពីមហិច្ឆតារបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា។ជាក់ស្តែងការឈ្លានពានរបស់ថៃនៅពេលនេះ ដោយសារវង្វេងប្រវត្តិសាស្ត្រ ហើយបំពានច្បាប់អន្តរជាតិ។
សំឡេង៖ « ការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជាថៃ ផ្តើមចេញមកពីការបំភ្លេចកត្តាប្រវត្តិសាស្ត្រ និងគោលការណ៍ច្បាប់អន្តរជាតិ ។ គោលការណ៍ឯកតោភាគីនិយមដែលសៀមតែងតែឈ្លានពានកម្ពុជាជាដរាប រហូតមក។ ខ្ញុំគិតថា ពីថ្ងៃនេះតទៅ វាគ្មានអ្វីមួយអាចលាងជម្រះនូវមហិច្ឆតារបស់ថា ចំពោះប្រទេសដទៃ ដូចជាកម្ពុជាជាដើម។ ពិភពលោកមើលឃើញថា កម្ពុជាប្រទេសតូច សេដ្ឋកិច្ចមានកម្រិត និងស្រលាញ់សន្តិភាព។ដូច្នេះ កម្ពុជាមិនដែលឈ្លានពានថៃទេមានតែថៃឈ្លានពានកម្ពុជា។ប៉ុន្ដែពេលនេះថៃក៏មិនអាចធ្វើអ្វីកម្ពុជាបានដែរ។»
ចំណែកលោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានចាត់ទុកថា ប្រទេសកម្ពុជា ក៏ដូចប្រទេសចិនដែរបានចាត់ទុកសន្តិភាពគឺជាកត្តាចម្បង។ ដូច្នេះ លោកគាំទ្រចំពោះរាជរដ្ឋាភិបាលក្នុងការជ្រើសច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាបើទោះបីស្ថានភាពនៅព្រំដែនកម្ពុជាថៃមានភាពតានតឹងក៏ដោយ។
សំឡេង៖ « ទោះបីស្ថានការណ៍តានតឹង តែកម្ពុជានៅតែរុញថៃឱ្យជ្រើសរើសច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហា ព្រោះកម្ពុជាត្រូវការសន្តិភាព។ ប៉ុន្តែ អ្វីដែលធ្វើនៅពេលនេះ គឺកម្ពុជា គ្មានជម្រើស ក្រៅពីការតបតដើម្បីប្រើសិទ្ធិការពារខ្លួន ។ ដូចយើងបានដឹងហើយប្រជាជនយើងទាំងអស់ រួមទាំងរូបខ្ញុំផង សូមគាំទ្រទាំងស្រុងដែលរាជរដ្ឋាភិបាលកំពុងធ្វើ គឺប្តឹងទៅតុលាការអន្តរជាតិ តាំងពីដំបូងទី មកម៉្លេះ យើងគាំទ្រ»
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា តាមរយៈបទអន្តរាគមន៍របស់កម្ពុជានៅអង្គការសហប្រជាជាតិនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពិភពលោកឱ្យដឹងពីវាយលុកទ្រង់ទ្រាយធំ និងអាវុធធុនធ្ងន់ យន្តហោះ F-16 គ្រាប់បែកចង្កោមរបស់ថៃមកលើកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិល និងទីតាំងវប្បធម៌របស់កម្ពុជា៕
