អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គ្រប់បញ្ហាទាំងអស់ដែលកើតឡើងចុងក្រោយនេះគឺថៃជាអ្នកបង្កហេតុ

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា គ្រប់បញ្ហាទាំងអស់ដែលកើតឡើងចុងក្រោយនេះគឺថៃ ជាអ្នកបង្កឡើងទាំងអស់។
នៅក្នុងសន្និសីទសារព័ត៌មានជុំវិញហេតុការណ៍បាញ់ប្រហារគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ ខណៈថៃជាអ្នកបើកការបាញ់ប្រហារឈ្លានពានមុនមកលើកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា “គ្រប់បញ្ហាទាំងអស់ដែលកើតឡើងចុងក្រោយនេះរវាងកម្ពុជា និងថៃ ភាពតានតឹងទាំងឡាយគឺថៃ ជាអ្នកបង្កហេតុ។ សូមបងប្អូនចងចាំកន្លែងនេះ ហើយប្រជាពលរដ្ឋខ្មែរ ដូចជាសហគមន៍អន្តរជាតិបានដឹងច្បាស់ថា ថៃជាអ្នកបង្កហេតុឈ្លានពានទឹកដីកម្ពុជា ចង់បានទឹកដីកម្ពុជា ហើយរករឿងបង្កហេតុយើងរហូត។ ទម្លាក់កំហុសគ្រប់បែបយ៉ាង រឿងគ្រាប់មីន គាត់ដើរចូលដីកម្ពុជាយើង ផ្ទុះមីនរងរបួសអីផ្សេងៗគាត់មកចោទយើង ទាំងយើងបានពន្យល់ប្រាប់គាត់ហើយ”។
ឯកឧត្ដមបន្តថា កម្ពុជាចង់បានសន្តិភាព ហើយកម្ពុជាគ្មានជម្រើសយោធាគឺជាជម្រើសចុងក្រោយបំផុតរបស់កម្ពុជា ដូច្នេះបញ្ហាកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ គឺកងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី ពីការរំលោភឈ្លានពានរបស់ថៃឡើយ៕
