លោក អេម៉ានូអែល ម៉ាក្រុង ប្រកាសបន្ថែមលុយចំនួន ៦,៥ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណ ៧,៦ពាន់លានដុល្លារ ក្នុងការចំណាយលើវិស័យការពារជាតិក្នុងរយៈពេល ២ឆ្នាំខាងមុខ

ប៉ារីស៖ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសបន្ថែមលុយចំនួន ៦,៥ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណ ៧,៦ពាន់លានដុល្លារ ក្នុងការចំណាយលើវិស័យការពារជាតិក្នុងរយៈពេល ២ឆ្នាំខាងមុខ ដោយសារតែការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក រួមទាំងប្រទេសរុស្ស៊ី ការរីកសាយអាវុធនុយក្លេអ៊ែរ ភេរវករ និងការវាយប្រហារតាមអ៊ីនធឺណិត។
លោក ម៉ាក្រុង បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអឺរ៉ុប និងគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ បងធំប្រចាំតំបន់អឺរ៉ុប[បារាំង]មានបំណងចំណាយ ៦៤ពាន់លានអឺរ៉ូ (៧៤,៨ពាន់លានដុល្លារ) ក្នុងការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំ២០២៧ ដែលកើនឡើងទ្វេដងនៃការចំណាយ ៣២ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៧។
លោក ម៉ាក្រុង បានអះអាងថា អឺរ៉ុបកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយសារសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក៏ដូចជាភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់សហរដ្ឋអាម៉េរិក។ លោក ម៉ាក្រុង ក៏បានគូសបញ្ជាក់ពីយុទ្ធនាការប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិតដោយរដ្ឋាភិបាលបរទេស និងប្រតិបត្តិការឃោសនាដែលផ្តោតលើកុមារក្នុងយុគសម័យបច្ចេកវិទ្យា។
លោក ម៉ាក្រុង បានបញ្ជាឱ្យមន្ត្រីយោធា និងការពារជាតិកំពូលរបស់បារាំង ផ្តួចផ្តើមការសន្ទនាជាយុទ្ធសាស្ត្រជាមួយដៃគូអឺរ៉ុបអំពីតួនាទីរបស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់បារាំងក្នុងការការពារអឺរ៉ុប។
សុន្ទរកថារបស់លោក ម៉ាក្រុង បានកើតឡើងនៅពេលដែលប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសអំពីប្រទេសរុស្ស៊ីនៅថ្ងៃចន្ទទី១៤ ខែកក្កដា ហើយប្រមុខណាតូកំពុងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនសម្រាប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃ។
ថ្មីៗនេះ លោក ត្រាំ បានប្រកាសពីផែនការលក់សព្វាវុធរបស់សម្ព័ន្ធមិត្តណាតូ ដែលពួកគេអាចបញ្ជូនបន្តទៅកាន់អ៊ុយក្រែន ដែលបាននិងកំពុងទប់ទល់នឹងការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ី។ លោក ម៉ាក្រុង ថ្មីៗនេះបាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ៕
