សម្តេចតេជោ៖ កម្ពុជាទទួលទេសចរអន្តរជាតិ ចំនួន២.៩៥លាននាក់ កើន១១.៧% ឯទេសចរជាតិមានចំនួន ១៣.១៦លាននាក់ កើន៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ២០២៤

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជាបានទទួលទេសចរអន្តរជាតិ ចំនួន២.៩៥លាននាក់ កើន១១.៧% ឯទេសចរជាតិមានចំនួន ១៣.១៦លាននាក់ កើន៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ២០២៤។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ រៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។
សម្តេចតេជោបន្តថា ចំនួនសហគ្រាសគ្រឹះស្ថាន បានកើនពីចំនួន ៤៤,៧៩៨ ដល់ចំនួន៤៥,៣៨៦ ដែលមានកម្មករនិយោជិតសរុប១.៨៧ លាននាក់ កើនប្រមាណ ៥ម៉ឺននាក់»។
លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការបង្កបង្កើនផលស្រូវ រដូវប្រាំងឆ្នាំ ២០២៥ សម្រេចបាន ៩០៧,៨៨៩ហិចតា លើសឆ្នាំមុន ៦៧,៧០១ហិចតា ឯការប្រមូលផលស្រូវរដូវប្រាំងសម្រេចបាន៤,២៥៤,៥០៨តោន លើសឆ្នាំមុន ៤១៨,០០០តោន ស្មើនឹង១០,៩០%។
សម្ដេចតេជោបញ្ជាក់ថា ជាមួយគ្នានេះ ការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែព្រលានយន្តហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន -ល- កំពុងត្រូវបានជំរុញយ៉ាងខ្លាំងថែមទៀត។
សម្តេចតេជោ បានបន្ថែមថា ឆ្លងតាមលទ្ធផលជាក់ស្ដែងទាំងអស់នេះ បានបង្ហាញថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនូវអ្វីៗ ដែលជាការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះមុខប្រជាជនប្រកបដោយជោគជ័យ៕

