សម្តេចធិបតី៖ ភាគីថៃមានការរំលោភបំពានបើកយន្តហោះ នឹងដ្រូនចូលទឹកដីកម្ពុជាជាញឹកញាប់ ជាការឆ្លើយតបកម្ពុជាបាញ់ទម្លាក់ដ្រូននោះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឲ្យដឹងថា ភាគីថៃមានការរំលោភបំពានបើកយន្តហោះ នឹងដ្រូនចូលទឹកដីកម្ពុជា ជាញឹកញាប់ ជាការឆ្លើយតបកងទ័ពកម្ពុជា បានបាញ់ទម្លាក់ដ្រូននោះ។
ក្នុងឳកាសអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាឆ្អែតនឹងសង្គ្រាមហើយ មិនចង់មានសង្គ្រាមទៀតទេតែកុំមករំលោភបំពានកម្ពុជា។ កម្ពុជាមានកងទ័ពដែលមានទឹកចិត្តក្លាហាន និងស្មោះស្ម័គ្រ និងការបំពាក់ ឧបករណ៍គ្រប់គ្រាន់សម្រាប់កិច្ចការពារជាតិ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការប្រកាសតំបន់ជម្លោះព្រំដែនជារបស់ខ្លួនដោយឯកតោភាគី និងដោយក្រុមជ្រុលនិយមថៃនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់នោះទេ។ កម្ពុជាមិនចង់បានដីអ្នកណាមួយមីលីម៉ែត្រនោះទេ ហើយកម្ពុជាមិនឲ្យបាត់បង់ដីមួយមីលីម៉ែត្រផងដែរ៕

