វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ

ភ្នំពេញ៖ វិស័យកសិកម្ម គឺជាបេះដូងនៃអរិយធម៌របស់មនុស្សជាតិ។ វិស័យនេះផ្តល់ស្បៀងអាហារដល់ក្រុមគ្រួសារ ទ្រទ្រង់ជីវភាពរស់នៅ និងជ្រោមជ្រែងសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ វិស័យកសិកម្មនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំបំផុតមួយ គឺការប្រែប្រួលអាកាសធាតុ។
ការកើនឡើងកម្តៅនៃសីតុណ្ហភាព គ្រោះរាំងស្ងួតអូសបន្លាយពេល របបទឹកភ្លៀងដែលមិនអាចទស្សន៍ទាយបាន គ្រោះទឹកជំនន់ សមាសភាពសត្វល្អិត និងជំងឺបំផ្លាញដំណាំ កំពុងតែបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់ការផលិតស្បៀងអាហារនៅទូទាំងសកលលោក។ នៅក្នុងតថភាពជាក់ស្តែងថ្មីនេះ បច្ចេកវិទ្យាកសិកម្មលែងជាជម្រើសដ៏ស៊ីវិល័យទៀតហើយ ប៉ុន្តែវាបានក្លាយជាតម្រូវការចាំបាច់មិនអាចខ្វះបាន និងជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយសម្រាប់សកម្មភាពអាកាសធាតុ។
អស់រយៈពេលរាប់សតវត្សរ៍មកហើយ កសិករតែងតែពឹងផ្អែកលើបទពិសោធន៍ របបអាកាសធាតុតាមរដូវកាល និងការអនុវត្តបែបប្រពៃណី។ ប៉ុន្តែនាពេលបច្ចុប្បន្ន របបអាកាសធាតុកំពុងតែផ្លាស់ប្តូរលឿនជាងពេលណាៗទាំងអស់។ រដូវកាលដែលធ្លាប់តែអាចទស្សន៍ទាយដឹងមុន ឥឡូវនេះបែរជានាំមកនូវគ្រោះរាំងស្ងួត ទឹកជំនន់ ឬកម្តៅខ្លាំងហួសប្រមាណ។ កសិករទាមទារនូវដំណោះស្រាយថ្មីៗ ដើម្បីជួយពួកគាត់ក្នុងការបន្សាំខ្លួនទៅនឹងលក្ខខណ្ឌប្រែប្រួលទាំងនេះ ខណៈពេលដែលត្រូវបន្តផលិតស្បៀងអាហារឱ្យបានគ្រប់គ្រាន់សម្រាប់ឆ្លើយតបនឹងកំណើនប្រជាជន។
បច្ចេកវិទ្យាកសិកម្ម បានផ្តល់នូវកាលានុវត្តភាពពិតប្រាកដក្នុងការឆ្លើយតបនឹងបញ្ហានេះ។
ប្រព័ន្ធស្រោចស្រពទំនើបអាចបញ្ជូនទឹកដោយផ្ទាល់ទៅដល់ឫសរុក្ខជាតិ ដែលជួយកាត់បន្ថយការខ្ជះខ្ជាយទឹក និងជួយឱ្យដំណាំអាចរស់រានបានក្នុងលក្ខខណ្ឌរាំងស្ងួត។ ពូជដំណាំធន់នឹងគ្រោះរាំងស្ងួត អាចផ្តល់ទិន្នផលបាន ទោះបីជាស្ថិតក្រោមអាកាសធាតុក្តៅខ្លាំង និងមានរបបទឹកភ្លៀងតិចតួចក៏ដោយ។ បន្ថែមលើនេះ ឧបករណ៍ព្យាករណ៍អាកាសធាតុ និងកម្មវិធីទូរស័ព្ទចល័ត អាចផ្តល់ការព្រមានទុកជាមុនដល់កសិករអំពីគ្រោះព្យុះ ទឹកជំនន់ ឬការផ្ទុះឡើងនៃសមាសភាពសត្វល្អិតចង្រៃ ដែលអនុញ្ញាតឱ្យពួកគាត់អាចធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានច្បាស់លាស់ និងកាត់បន្ថយការបាត់បង់ផលដំណាំ។
បច្ចេកវិទ្យាក៏បានជួយឱ្យវិស័យកសិកម្មក្លាយជាផ្នែកមួយនៃដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ជំនួសឱ្យការធ្វើជាប្រភពបង្កផលប៉ះពាល់។
«កសិកម្មច្បាស់លាស់» (Precision Agriculture) ដែលប្រើប្រាស់ឧបករណ៍សែនស័រ (Sensors) ប្រព័ន្ធរណប ដ្រូន (Drones) និងប្រព័ន្ធត្រួតពិនិត្យឌីជីថល អនុញ្ញាតឱ្យកសិករប្រើប្រាស់ជី និងថ្នាំសម្លាប់សត្វល្អិតចំគោលដៅ ទៅតាមទីកន្លែង និងពេលវេលាដែលទាមទារជាក់ស្តែង។ កត្តានេះជួយកាត់បន្ថយថ្លៃដើម បង្កើនផលិតភាព និងកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់។ ការអនុវត្តគ្រប់គ្រងដីធ្លីឱ្យបានល្អជាងមុន អាចបង្កើនបរិមាណកាបូនដែលត្រូវរក្សាទុកក្នុងដី ដោយបំប្លែងដីកសិកម្មឱ្យទៅជាអាងស្តុកកាបូន (Carbon Sink) ដ៏សំខាន់។
«កសិកម្មវៃឆ្លាតអាកាសធាតុ» (Climate-Smart Agriculture) គឺជាការផ្សារភ្ជាប់គ្នារវាងចំណេះដឹងប្រពៃណី និងការបង្កើតថ្មីបែបទំនើប។ ការអនុវត្តនានា ដូចជា កសិកម្មអភិរក្ស កសិ-រុក្ខកម្ម (Agroforestry) ការផ្លាស់ប្តូរមុខដំណាំ ការប្រើប្រាស់ជីសរីរាង្គ និងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព សុទ្ធសឹងតែជួយបង្កើនភាពធន់ ខណៈពេលដែលជួយការពារបរិស្ថាន។ ដើមឈើដែលបានដាំនៅលើដីកសិកម្ម អាចស្រូបយកឧស្ម័នកាបូនិក លើកកម្ពស់ជីជាតិដី កាត់បន្ថយការច្រោះដី និងផ្តល់ចំណូលបន្ថែមសម្រាប់គ្រួសារកសិករ។
ផលប្រយោជន៍ទាំងនេះមានវិសាលភាពលាតសន្ធឹងហួសឆ្ងាយពីទំហំផ្ទៃដីកសិកម្ម។
នៅពេលបច្ចេកវិទ្យាកសិកម្មជួយលើកកម្ពស់ផលិតភាព កសិករនឹងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។ នៅពេលដំណាំកាន់តែមានភាពធន់នឹងសម្ពាធអាកាសធាតុ ការផ្គត់ផ្គង់ស្បៀងអាហារនឹងមានស្ថិរភាពជាងមុន។ នៅពេលធនធានទឹក និងដីត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ប្រព័ន្ធអេកូឡូស៊ីនឹងរក្សាបាននូវសុខភាពល្អសម្រាប់មនុស្សជំនាន់ក្រោយ។ និយាយឱ្យខ្លី បច្ចេកវិទ្យាកសិកម្មបានពង្រឹងសន្តិសុខស្បៀង ការអភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថានក្នុងពេលតែមួយ។
សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ការចាប់យកបច្ចេកវិទ្យាកសិកម្មគឺជារឿងសំខាន់ជាពិសេស។ វិស័យកសិកម្មជារឿយៗជាប្រភពទ្រទ្រង់ប្រជាជនភាគច្រើន ហើយសហគមន៍ជនបទស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ។ ការវិនិយោគលើការអប់រំកសិករ ការស្រាវជ្រាវ ការបង្កើតថ្មី សេវាឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធកសិកម្មវៃឆ្លាតអាកាសធាតុ នឹងអាចជួយកសាងប្រព័ន្ធកសិកម្មឱ្យកាន់តែរឹងមាំ និងមានភាពធន់ខ្ពស់។
យុវជនក៏មានតួនាទីយ៉ាងសំខាន់ត្រូវចូលរួមផងដែរ។ កសិករនាពេលអនាគតកំពុងវិវឌ្ឍខ្លួនទៅជាអ្នកប្រើប្រាស់បច្ចេកវិទ្យា ដោយផ្សារភ្ជាប់ចំណេះដឹងកសិកម្មជាមួយជំនាញឌីជីថល។ ទូរស័ព្ទឆ្លាតវៃ បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាពិនិត្យពីចម្ងាយ (Remote Sensing) និងគ្រឿងចក្រទំនើបៗ កំពុងតែបំប្លែងមុខរបរកសិកម្មឱ្យទៅជាវិជ្ជាជីវៈមួយដែលមានលក្ខណៈច្នៃប្រឌិត មានផលិតភាពខ្ពស់ និងមានការទទួលខុសត្រូវចំពោះបរិស្ថាន។
សកម្មភាពអាកាសធាតុ មិនមែនសំដៅតែលើការកាត់បន្ថយការភាយឧស្ម័នពីរោងចក្រ រោងចក្រអគ្គិសនី ឬយានយន្តប៉ុណ្ណោះទេ។ វាក៏ជារឿងនៃការផ្លាស់ប្តូរទម្រង់នៃការដាំដុះស្បៀងអាហារផងដែរ។ រាល់ដំណក់ទឹកដែលត្រូវបានសន្សំសំចៃ រាល់ដើមឈើដែលបានដាំនៅលើដីកសិកម្ម រាល់ប្រព័ន្ធស្រោចស្រពប្រកបដោយប្រសិទ្ធភាពដែលត្រូវបានដំឡើង និងរាល់គ្រាប់ពូជធន់នឹងអាកាសធាតុដែលត្រូវបានដាំដុះ សុទ្ធតែរួមចំណែកដល់អនាគតមួយប្រកបដោយចីរភាព។
ក្នុងប្រវត្តិសាស្ត្រ វិស័យកសិកម្មតែងតែបត់បែន និងបន្សាំខ្លួនទៅនឹងលក្ខខណ្ឌប្រែប្រួលជានិច្ច។ នៅថ្ងៃនេះ បច្ចេកវិទ្យាកសិកម្មបានផ្តល់នូវឧបករណ៍ចាំបាច់នានា សម្រាប់ដំណាក់កាលបន្ទាប់នៃការបន្សាំខ្លួននោះ។ តាមរយៈការចាប់យកការបង្កើតថ្មី និងការអនុវត្តកសិកម្មវៃឆ្លាតអាកាសធាតុ យើងអាចការពារកសិករ ពង្រឹងសន្តិសុខស្បៀង និងរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក្នុងពេលតែមួយ។
អនាគតនៃវិស័យកសិកម្មមិនមែនត្រឹមតែជារឿងនៃការផលិតអាហារឱ្យបានកាន់តែច្រើននោះទេ។ វាជារឿងនៃការផលិតអាហារដោយភាពវៃឆ្លាត ប្រកបដោយចីរភាព និងមានភាពធន់ជាងមុន។ បច្ចេកវិទ្យាកសិកម្ម គឺជាស្ពានចម្លងដែលតភ្ជាប់សន្តិសុខស្បៀងទៅនឹងសកម្មភាពអាកាសធាតុ ដើម្បីធានាថាមពលមនុស្សជំនាន់ក្រោយនឹងទទួលបាននូវភពផែនដីដែលមានសុខភាពល្អ និងការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយសុវត្ថិភាព។
គ្រាប់ពូជនៃការប្រមូលផលនាថ្ងៃស្អែក កំពុងត្រូវបានដាំដុះនៅថ្ងៃនេះ តាមរយៈការបង្កើតថ្មី វិទ្យាសាស្ត្រ និងកសិកម្មប្រកបដោយចីរភាព។ តាមរយៈការផ្តល់អំណាច និងបំពាក់បច្ចេកវិទ្យាដល់កសិករ យើងមិនត្រឹមតែដាំដុះនូវភោគផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងបណ្តុះនូវភាពធន់ វិបុលភាព និងក្តីសង្ឃឹមសម្រាប់អនាគតមួយដែលមានសុវត្ថិភាពអាកាសធាតុផងដែរ៕
