ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ K & L)។
យុទ្ធនាការមនុស្សធម៌នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «បរិច្ចាគឈាម ចងចាំវីរភាព» រៀបចំដោយក្រុមការងារពិធីករកីឡាកម្ពុជា និងសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ស.ស.យ.ក. ព្រមទាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ផងដែរ។
ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពឥស្សរជន និងកងកម្លាំងស្នេហាជាតិ ជាពិសេសការរំលឹកនឹកដល់ ខួប ៤៩ឆ្នាំ នៃទិវាប្រវត្តិសាស្ត្រដែល សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្ត «យកជីវិតធ្វើជាដើមទុន» (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦) ដើម្បីសង្គ្រោះជាតិ និងស្វែងរកសុខសន្តិភាពជូនប្រជាជនកម្ពុជា។
ទន្ទឹមនឹងការបង្ហាញទឹកចិត្តស្រឡាញ់ និងការរួមចំណែកសង្គ្រោះជីវិតអ្នកជំងឺដែលខ្វះខាតឈាម យុទ្ធនាការនេះក៏មានគោលបំណងបណ្តុះទម្លាប់ និងជំរុញវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងស្រទាប់យុវជន និងសាធារណជនទូទៅឱ្យកាន់តែសកម្មទូទាំងប្រទេស។
សូមជម្រាបថា ក្រៅពីកម្មវិធីមនុស្សធម៌ខាងលើ នាថ្ងៃស្អែកនេះក៏នឹងមានការរៀបចំការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ ស.ស.យ.ក. ជាមួយក្រុមបាល់ទាត់សម្ពន្ធយុវជនស្រឡាញ់សន្តិភាព ក្នុងគោលបំណងលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕

