ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់

ហ្ស៊េរុយសាឡឹម៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈទាហានអ៊ីស្រាអែល ៤នាក់ក៏ត្រូវបានសម្លាប់ផងដែរ។
អំពើហិង្សានេះហាក់គ្មានសញ្ញាថមថយឡើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា នឹងធ្វើឱ្យក្រុមហេសបូឡា «បង់ខាតយ៉ាងធ្ងន់ធ្ងរ» ចំពោះការសម្លាប់ទាហានរបស់ខ្លួន។
ជាការឆ្លើយតប ប្រធានាធិបតីលីបង់ បានថ្កោលទោសអ៊ីស្រាអែលថា កំពុងប៉ុនប៉ងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែលោកបញ្ជាក់ថា លីបង់នឹងនៅតែបន្តស្វែងរកបទឈប់បាញ់ នៅក្នុងកិច្ចចរចានៅវ៉ាស៊ីនតោន។
គួររំលឹកថា កិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់ តម្រូវឱ្យគ្រប់ភាគីបញ្ឈប់ប្រតិបត្តិការយោធានៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ។ ទោះជាយ៉ាងណា មន្ត្រីអ៊ីស្រាអែលបានបង្ហាញការខឹងសម្បារចំពោះកិច្ចព្រមព្រៀងនេះ ដោយអះអាងថាវាមិនបានដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ឱ្យបានច្បាស់លាស់ឡើយ៕
