ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន

ហ្សឺណែវ៖ ក្រុមអ្នកចរចារបស់សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីសហើយ ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន។
ទោះជាយ៉ាងណា ជំនួបដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យទី២១មិថុនានេះ ដោយមានប៉ាគីស្ថាន និងកាតាជាអ្នកសម្របសម្រួល បានជួបឧបសគ្គធំភ្លាមៗ បន្ទាប់ពីរដ្ឋធានីអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្ទហ័រមូស្សវិញ ដើម្បីឆ្លើយតបទៅនឹងអ៊ីស្រាអែល ដែលបើកការវាយប្រហារយ៉ាងចាស់ដៃលើលីបង់។ អ៊ីរ៉ង់ ព្រមានថា កិច្ចចរចានឹងមិនអាចសម្រេចអ្វីបានឡើយ បើការប្រយុទ្ធគ្នានៅតែបន្ត។
ចំណែកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ឯណោះ បានបង្ហោះសារព្រមានខ្លាំងៗថា អាម៉េរិកនឹងដាក់ពន្ធ ឬយកកម្រៃលើការឆ្លងកាត់ផ្លូវទឹកដ៏សំខាន់មួយនេះ ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយមិនអាចសម្រេចបានក្នុងរយៈពេល៦០ថ្ងៃខាងមុខ។
លោក ត្រាំ បានលើកឡើងដោយឌឺដងថា ថវិកាដែលប្រមូលបានទាំងនោះ គឺទុកសម្រាប់តម្លៃសេវាកម្មដែលអាម៉េរិកដើរតួជាអ្នកការពារ ដល់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ទោះបីជាលក្ខខណ្ឌដើមនៃកិច្ចព្រមព្រៀងតម្រូវឱ្យបើកផ្លូវទឹកនេះដោយសេរី និងគ្មានការយកប្រាក់ក្នុងរយៈពេល៦០ថ្ងៃក៏ដោយ។
គួររំលឹកផងដែរថា ដើមឡើយ កិច្ចចរចានេះត្រូវធ្វើឡើងតាំងពីថ្ងៃ១៩មិថុនាម៉្លេះ ប៉ុន្តែត្រូវបានពន្យារពេលដោយសារភាគីអ៊ីរ៉ង់បដិសេធមិនចូលរួម ក្រោយអ៊ីស្រាអែលអង្រួនសមរភូមិលីបង់៕

