សាហាវណាស់! គ្រាន់តែក្មួយប្រុសជេរអាឈ្លើយទាញកាំបិតកាប់ដាច់ក្បាលរួចយកទៅកប់ចោលបំបាត់ភស្តុភាង

បន្ទាយមានជ័យ៖ ពិតជាសាហាវខ្លាំងណាស់ឪពុកមាហ៊ានលើកកាំបិតដេញកាប់ក្មួយដាច់ក្បាលរួចជីកដីកប់បំបាត់ភស្តុភាង តែឈាមស្រែកស្បែកហៅទីបំផុតត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនទាំងយប់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃ្លិម គិមឈាក់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ចំណែកក្មេងរងគ្រោះឈ្មោះ ខុយ សុខឿត ភេទប្រុស អាយុ៦ឆ្នាំ រស់នៅជាមួយជីតានិងយាយ រួមទាំងមា(ជនសង្ស័យ) ភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ។
លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុក្មេងរងគ្រោះបានរត់លេងនៅបរិវេណខាងក្រោយផ្ទះម្នាក់ឯងក្រោយពីបាត់ចៅប្រហែលកន្លះម៉ោងជីដូនឈ្មោះ អ៊ឹម ឆយ អាយុ៥៨ឆ្នាំ បានដើររកនិងហៅមិលឺឆ្លើយតប រហូតដល់ជីតា ឈ្មោះ ឃ្លឹម ប៉ូច អាយុ ៦១ឆ្នាំ បានត្រឡប់មកពីក្រុងសិរីសោភ័ណ វិញ ក៏បាននាំគ្នាដើររកចៅ តែរកមិនឃើញសោះ។លុះម៉ោង១០យប់ ថ្ងៃដដែលយាយឈ្មោះ អ៊ឹម ឆយ បានដើរទៅរកចៅក្រោយផ្ទះក៏ឃើញដីជីកថ្មីៗ ហើយខ្លួនបានកាយមើល ស្រាប់តែឃើញសាកសពចៅឈ្មោះខុយ សុខឿត ដេកស្លាប់ ក្បាលដាច់ពី ក តែម្តង ដែលគួរឲ្យរន្ធត់។
លោកវរសេនីយ៍ទោ ទេព រដ្ឋា បន្តថា ក្រោយពីទទួលបានព័ត៌មាន ពីករណីឃាតកម្មនេះកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះនិងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបុស្បូវ ដោយតាមបទបទបញ្ជារបស់លោកឧត្តមទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវភ្លាមៗ និងដាក់ការសង្ស័យលើឈ្មោះ ឃ្លិម គិមឈាក់ ជាឪពុកមា (ជាជនញៀនថ្នាំ)ធ្លាប់យកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២លើក ហៅមកធ្វើការសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដេញកាប់សម្លាប់ក្មួយរបស់ខ្លួនពិតមែន ក៏ព្រោះខឹងជេរខ្លួនអាឈ្លើយខណៈពេលខ្លួនអង្គុយលេង។ជនសង្ស័យនគរបាលជជំនាញកំពុងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមនិតិវិធី៕

